
សារព័ត៌មាន New York Times កាលពីថ្ងៃទី16កក្កដា បានចេញផ្សាយថា អាជ្ញាធរប្រទេសបង់ក្លាដែស ទើបតែបានចាប់ខ្លួនម្ចាស់មន្ទីរពេទ្យម្នាក់ ទាក់ទិននឹងការលក់លទ្ធផលអវិជ្ជមាននឹង COVID-19 ក្លែងក្លាយរាប់ពាន់សន្លឹកទៅឱ្យអ្នកដែលមានតម្រូវការ។
ថៅកែម្នាក់របស់មន្ទីរពេទ្យមួយនៅប្រទេសបង់ក្លាដែស ត្រូវបានចាប់ខ្លួនពីបទបន្លំអតិថិជន ដោយសារបានចេញលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តCOVID-19 ដើម្បីបោកប្រាស់អ្នកជំងឺ និងទទួលប្រាក់ចំណេញប្រមាណជា350,000ដុល្លារអាមេរិក។ ករណីនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះទំនុកចិត្តរបស់ប្រជាជនទៅលើវិស័យសុខាភិបាលនៃប្រទេសនេះ។
Ashique Billah ដែលជាអ្នកនាំពាក្យនៃប៉ូលិសបង់ក្លាដែស បានឱ្យដឹងថា Mohammad Shahed គឺជាម្ចាស់បណ្ដាញមន្ទីរពេទ្យ Regent នៅក្នុងរដ្ឋធានី Dhaka។ ថៅកែមន្ទីរពេទ្យរូបនេះត្រូវបានចាប់ខ្លួននៅពេលកំពុងព្យាយាមរកវិធីឆ្លងទន្លេគេចខ្លួនទៅកាន់ប្រទេសឥណ្ឌា។

អ្នកនាំពាក្យខាងលើបានបញ្ជាក់ថា “មន្ទីរពេទ្យរបស់គាត់នោះបានធ្វើតេស្តរកវីរុសCOVID-19 ចំនួន10,500លើក ក្នុងនោះមានលទ្ធផលចំនួន4,200គឺត្រឹមត្រូវ ចំណែកលទ្ធផលចំនួន6,300ផ្សេងទៀតត្រូវបានប្រគល់ឱ្យអតិថិជន ប៉ុន្តែមិនបានធ្វើតេស្តនោះទេ”។
យោងតាម New York Times លិខិតបញ្ជាក់លទ្ធផលអវិជ្ជមានក្លែងក្លាយនេះ ត្រូវបានលក់ក្នុងតម្លៃ59ដុល្លារក្នុងមួយច្បាប់។
ម្ចាស់មន្ទីរពេទ្យនេះក៏ត្រូវបានចោទប្រកាន់ដែរថា បានយកថ្លៃសេវាធ្វើតេស្ត និងព្យាបាលអ្នកជំងឺCOVID-19 បើទោះលោកធ្លាប់បានយល់ព្រមជាមួយរដ្ឋាភិបាលថា មន្ទីរពេទ្យនានារបស់លោកនៅក្នុងទីក្រុង Dhaka នឹងព្យាបាលដោយមិនគិតថ្លៃ។
សូមបញ្ជាក់ថា Shahed មិនមែនជាមនុស្សដំបូងគេដែលត្រូវបានចាប់ខ្លួននៅបង់ក្លាដែស ដោយសារសកម្មភាពបន្លំផ្នែកសុខាភិបាលនៅក្នុងវិបត្តិសុខភាពនេះឡើយ។ កាលពីសប្ដាហ៍មុន ម្ចាស់គ្លីនិកឯកជនដែលផ្ដល់សេវាកម្មធ្វើតេស្តរកវីរុសCOVID-19 មួយកន្លែងផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនពីបទចេញលិខិតបញ្ជាក់ការធ្វើតេស្តCOVID-19 ដោយមិនបានធ្វើតេស្តអ្វីសោះ។
ក្រុមអ្នកជំនាញការមានការព្រួយបារម្ភថា អំពើបោកប្រាស់នេះអាចធ្វើឱ្យប្រជាជនបង់ក្លាដែសមិនបានទទួលការធ្វើតេស្តរកវីរុសCOVID-19 ដោយត្រឹមត្រូវ ដែលនេះនឹងនាំឱ្យមានហានិភ័យខ្ពស់ចំពោះការឆ្លងវីរុសដែលពួកគេនឹកស្មានមិនដល់។
រាប់ចាប់ពីខែមីនារហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលបង់ក្លាដែស បានធ្វើតេស្តរកវីរុសCOVID-19 ជាមធ្យមចាប់ពី13,000ដល់17,000នាក់ក្នុង1ថ្ងៃៗ ប៉ុន្តែតួលេខនេះនៅមានកម្រិតទាបនៅឡើយសម្រាប់ប្រទេសដែលមានប្រជាជនជាង168លាននាក់មួយនេះ។
យោងតាមស្ថិតិរបស់សាកលវិទ្យា Johns Hopkins មនុស្សចំនួនជាង193,500នាក់នៅបង់ក្លាដែស បានឆ្លងCOVID-19 ក្នុងនោះមានជាង2,400នាក់បានស្លាប់ដោយសារវីរុសនេះ។ ប៉ុន្តែមានការសង្ស័យថា តួលេខពិតប្រាកដ អាចខ្ពស់ជាងនេះ ដោយសារសមត្ថភាពនៃការធ្វើតេស្តរបស់ប្រទេសនេះ នៅមានកម្រិតនៅឡើយ៕
ប្រភព៖ New York Times
