ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចេញមុខទទួលខុសត្រូវចំពោះផលវិបាកដែលកើតឡើងដោយសារ COVID-19 នៅសហរដ្ឋអាមេរិក ប៉ុន្តែលោកក៏នៅតែជឿជាក់ថា វីរុសរាតត្បាតនេះនឹងបាត់ខ្លួនទៅវិញដោយឯកឯង។
យោងតាមស្ថិតិរបស់ Worldometers គិតដល់ដំណាច់ថ្ងៃទី19កក្កដា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិកបានកើនដល់ជាង143,000នាក់ ខណៈដែលចំនួនករណីឆ្លងវីរុសនេះក៏បានកើនដល់ជិត4លាននាក់ផងដែរ។ ជាមធ្យម ក្នុង1សប្ដាហ៍ គឺមានមនុស្សប្រមាណជា5,000នាក់បានស្លាប់ដោយសារCOVID-19 នៅសហរដ្ឋអាមេរិក។
ទាក់ទិននឹងបញ្ហាCOVID-19 កាលពីថ្ងៃទី17កក្កដា លោក Trump បានប្រកាសទទួលខុសត្រូវចំពោះផលវិបាកដែលកើតឡើងដោយសារ COVID-19 នៅប្រទេសរបស់លោក។ “ខ្ញុំតែងតែទទួលខុសត្រូវគ្រប់យ៉ាង ព្រោះថា ជាចុងក្រោយ វានៅតែជាការទទួលខុសត្រូវរបស់ខ្ញុំ” លោក Trump ឆ្លើយតបដូច្នេះនៅក្នុងកិច្ចសម្ភាសមួយជាមួយ Fox News។
ប៉ុន្តែ លោកក៏យល់ថា អភិបាលរដ្ឋនានាក៏ត្រូវតែទទួលខុសត្រូវចំពោះការរក្សាទុកសម្ភារៈសុខាភិបាល និងការចេញបទបញ្ជារក្សាគម្លាតសង្គម ដូចជាបង្ខំឱ្យពាក់ម៉ាស់ជាដើម។ ម្ចាស់សេតវិមានឱ្យដឹងថា លោកមិនគាំទ្រចំពោះបទបញ្ជាឱ្យពាក់ម៉ាស់នៅទូទាំងសហរដ្ឋអាមេរិកនោះឡើយ ព្រោះថា លោកចង់ឱ្យប្រជាជន “មានសេរីភាពក្នុងព្រំដែនកំណត់ណាមួយ”។ ជាងនេះទៀត លោក Trump នៅតែយល់ថា តួលេខនៃការឆ្លងវីរុសដែលកើនឡើងយ៉ាងឆាប់រហ័សនេះក៏ដោយសារអាជ្ញាធរសហរដ្ឋអាមេរិក បានបង្កើនការធ្វើតេស្តរកវីរុស។ លោក Trump ថែមទាំងអះអាងថា “ជាចុងក្រោយ COVID-19 នឹងបាត់ខ្លួនទៅវិញដោយឯកឯងមិនខាន”។
គិតមកដល់បច្ចុប្បន្ន ប្រទេសនិងដែនដីចំនួន221ក្នុងពិភពលោក ត្រូវបានរាយការណ៍ថា បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន14,622,597នាក់ និងអ្នកស្លាប់សរុបចំនួន608,403នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសថ្មីចំនួន238,295នាក់ និងអ្នកស្លាប់5,161នាក់ ត្រូវបានរកឃើញក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ ខណៈដែលអ្នកជំងឺបានជាសះស្បើយមានចំនួន 8,726,028នាក់៕
ប្រភព៖ Reuters