ប្រធានបទសន្ទនានៅក្នុងក្រុមមិត្តភ័ក្តិមួយរយៈនេះ យ៉ាងណាៗក៏ចៀសមិនផុតពីរឿងធាតុអាកាសក្តៅហប់នៅក្នុងប្រទេសយើងឡើយ ជាពិសេសក្នុងអំឡុងពេលសម្រាកថ្ងៃត្រង់ ដែលយើងគ្រប់គ្នាត្រូវដើរទៅរកកន្លែងលក់បាយ អ្នកខ្លះចៀសវាងពីការប្រយុទ្ធជាមួយកម្តៅថ្ងៃដ៏ក្តៅចង់ឆេះដោយការដាក់បាយពីផ្ទះមកញ៉ាំ ឬទិញអាហារត្រៀមសម្រាប់ពេលថ្ងៃត្រង់ទុកតាំងពីព្រឹក តែសម្រាប់អ្នកដែលគ្មានជម្រើស ឬត្រៀមមិនទាន់ ក៏ត្រូវតែញើសជោកខ្លួន ក្តៅហប់រហូតមុខឡើងក្រហម រឹតតែញ៉ាំអាហារក្តៅចូលទៅទៀតផងនោះសឹងតែនិយាយមកចេញអណ្តាតភ្លើងឯណោះ។
ហើយនឹងរឹតតែយ៉ាប់ខ្លាំងទៅទៀតបើសិនជាធាតុអាកាសខាងក្រៅក្តៅស្រាប់ហើយ យើងថែមទាំងទទួលទានអាហារដែលប្រកបដោយបន្លែផ្លែឈើដែលមានឬទ្ធិក្តៅចូលទៅទៀតផងនោះ ដល់អ៊ីចឹងវានឹងរឹតតែក្តៅទាំងខាងក្នុង និងខាងក្រៅតែម្តង។ តើមានបន្លែ និងផ្លែឈើប្រភេទណាខ្លះដែលក្នុងអំឡុងពេលធាតុអាកាសក្តៅៗបែបនេះ យើងគួរតែផ្អាកញ៉ាំសឹន?
បន្លែដែលមានឬទ្ធិក្តៅ
មើមខ្ជាយ ស្លឹកម្រះព្រៅ ស្លឹកគុយឆាយ ខ្ទឹមស ខ្ញី ម្តេង រមៀត ស្លឹកជីនាងវង ម្ទេស ម្រេច គ្រឿងទេស។
ផ្លែឈើដែលមានឬទ្ធិក្តៅ
ផ្លែចេក ផ្លែប៉ាស្យុង ផ្លែខ្នុរទុំ សាវម៉ាវ ត្របែក ធុរេន ទទឹម ទៀប ព្នៅ មៀន ឡុងកុង ម៉ាក់ប្រាង ស្វាយទុំ។
មូលហេតុដែលត្រូវទទួលទានបន្លែផ្លែឈើទាំងអស់នេះឱ្យតិចជាងមុន
ដោយសារតែបន្លែផ្លែឈើទាំងនោះ ពេលខ្លះអាចធ្វើឱ្យយើងញ៉ាំហើយមានអារម្មណ៍ថាហឹរ រស់ជាត់ផ្អែមខ្លាំង រហូតធ្វើឱ្យយើងរឹតតែស្រេកទឹកខ្លាំងឡើង ក្រៅពីនេះបើទទួលទានអាហារហឹរ ប៉ះធាតុអាកាសក្តៅ អាចធ្វើឱ្យរាងកាយបាត់បង់ញើសច្រើនជាងប្រក្រតី បើសិនមិនញ៉ាំទឹកឱ្យគ្រប់គ្រងទេនោះ អាចនឹងធ្វើឱ្យរាងកាយខ្វះជាតិទឹកបាន។
រដូវក្តៅ ញ៉ាំអាហារដែលមានឬទ្ធិត្រជាក់
បើចង់សម្រួលតុល្យភាពរបស់រាងកាយមិនឱ្យក្តៅតាមធាតុអាកាសខ្លាំងពេក គួរទទួលទានអាហារដែលមានឬទ្ធិត្រជាក់ក្នុងបរិមាណដែលសមរម្យ។
បន្លែដែលមានឬទ្ធិត្រជាក់
ផ្កាខាត់ណា ស្ពៃចង្កឹះ ស្ពៃបូកគោ សាលាដ ស្នៀតពោត ស្លឹកតើយ សណ្តែកបណ្តុះ ព្រលឹត ប្រខូលី ត្រប់ ម្រុំ ត្រឡាច។
ផ្លែឈើដែលមានឬទ្ធិត្រជាក់
ស្រកានាគ បំពេញរាជ ត្រសក់ស្រូវបារាំង ជម្ពូ ឈើរី ឥឡឹក ត្រសក់ស្រូវ មង្ឃុត កន្ទួត ដូងខ្ចី ទឹកក្រូចឆ្មារ ម្នាស់ សារី ផ្លែប៉ោម។
ទាំងអស់នេះមិនមែនមានន័យថា ហាមទទួលទានបន្លែផ្លែឈើដែលមានឬទ្ធិក្តៅយ៉ាងដាច់ខាតនោះទេ ចំណុចសំខាន់គឺ ការទទួលទានអាហារដែលសម្បូរបែប ដើម្បីសាងតុល្យការក្នុងរាងកាយ និងឱ្យរាងកាយបានទទួលគុណតម្លៃខាងសារធាតុអាហារដែលសម្បូរបែបដែរ។ សម្រាប់ពេលណាដែលធាតុអាកាសក្តៅនេះ កុំភ្លេចញ៉ាំទឹកឱ្យបានច្រើនៗ ចៀសវាងពីកម្តៅថ្ងៃខ្លាំងៗ ទីកន្លែងដែលធាតុអាកាសក្តៅខ្លាំង និងខ្យល់អាកាសមិនបក់ចេញចូល៕