សារព័ត៌មាន Reuters បានរកឃើញជាលើកដំបូងថា ករណីឆ្លងវីរុសCOVID-19 នៅទូទាំងពិភពលោក បានកើន1លាននាក់ក្នុងរយៈពេលត្រឹមតែ100ម៉ោងប៉ុណ្ណោះ នៅពេលដែលតួលេខសរុបបានកើនលើសពី14លាននាក់ កាលពីថ្ងៃទី17កក្កដាកន្លងទៅ។
ក្រោយរយៈពេល3ខែ បន្ទាប់ពីករណីឆ្លងវីរុសCOVID-19 ត្រូវបានប្រកាសឱ្យដឹងជាលើកដំបូងនៅប្រទេសចិនកាលពីដើមខែមករា ពិភពលោកពេលនោះបានរកឃើញអ្នកផ្ទុកវីរុសត្រឹមតែ1លាននាក់ប៉ុណ្ណោះ។ ក៏ប៉ុន្តែ គិតចាប់ពីថ្ងៃទី13កក្កដាដល់ថ្ងៃទី17កក្កដា ពោលគឺរយៈពេល4ថ្ងៃ ពិភពលោកបានរកឃើញករណីផ្ទុកវីរុសថ្មីដល់ទៅ1លាននាក់ ដោយកើនពី13លាននាក់ ឡើងដល់14លាននាក់។
យោងតាមការស្រង់ស្ថិតិរបស់ Reuters ដែលបានដកស្រង់ពីរបាយការណ៍របស់រដ្ឋាភិបាលនានា បានបង្ហាញថា ការឆ្លងរាលដាលនៃវីរុសនេះ កំពុងតែកើនឡើងយ៉ាងឆាប់រហ័សនៅទ្វីបអាមេរិក ដោយមានករណីឆ្លងច្រើនជាងពាក់កណ្ដាលបើធៀបនឹងពិភពលោកទាំងមូល។
គិតមកដល់បច្ចុប្បន្ន សហរដ្ឋអាមេរិកបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុប3,770,012នាក់ និងអ្នកស្លាប់ដោយសារវីរុសនេះមានចំនួន142,064នាក់។
ប្រទេសប្រេស៊ីលឈរលំដាប់ទី2 បន្ទាប់ពីសហរដ្ឋអាមេរិក ដោយមានអ្នកជំងឺជាង2,048,600នាក់ ក្នុងនោះក៏មានប្រធានាធិបតី Jair Bolsonaro ផងដែរ។ ចំណែកតួលេខអ្នកស្លាប់ដោយសារCOVID-19 របស់ប្រទេសនេះ មានជាង78,000នាក់។
ឥណ្ឌាដែលជាសម្បុកវីរុសCOVID-19 ធំជាងគេលំដាប់ទី3ក្នុងពិភពលោក បានរកឃើញអ្នកផ្ទុកវីរុសចំនួន1,040,457នាក់ ក្នុងនោះមានអ្នកស្លាប់26,285នាក់។ ក្នុងរយៈពេល1សប្ដាហ៍កន្លងទៅ កំណើននៃអ្នកឆ្លងវីរុសបានកើនជាមធ្យម30,000នាក់ក្នុង1ថ្ងៃៗ នៅប្រទេសនេះ៕
ប្រភព៖ Reuters