មិនយូរទៀតទេ ប្រជាជនទាំងអស់នៅក្នុងប្រទេសកម្ពុជានឹងត្រូវដល់ថ្ងៃឈប់សម្រាកដែលរាជរដ្ឋាភិបាលប្រកាសឱ្យឈប់រហូតដល់ទៅ 5ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកកាលពីបុណ្យចូលឆ្នាំថ្មី។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានព្រមានថា ប្រសិនបើប្រជាជនយើងទាំងអស់គ្នាមិនប្រុងប្រយ័ត្នក្នុងការការពារខ្លួនឱ្យបានខ្ពស់នោះទេ អត្រាឆ្លងមេរោគ Covid-19 អាចនៅតែមានខ្ពស់។ លោកជំទាវថា នៅថ្ងៃទី 17 ខែកក្កដា ឆ្នាំ2020នេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺ Covid-19 ចំនួន 5នាក់បន្ថែមទៀត។ ការរកឃើញចំនួនអ្នកឆ្លងថ្មីនេះ បង្ហាញថាកម្ពុជាមិនទាន់ឆ្លងផុតហានិភ័យដែលកើតឡើងដោយសារតែជំងឺ Covid-19 នៅឡើយទេ។
លោកជំទាវរដ្ឋលេខាធិការក្រើនរំឮកថា ថ្វីត្បិតតែកន្លងមកអ្នកដែលរកឃើញថ្មីថាមានផ្ទុកជំងឺ Covid-19 សុទ្ធតែជាករណីនាំចូល តែប្រជាជនគ្រប់គ្នាមិនគួរធ្វេសប្រហែសនោះទេ។ ហានិភ័យនៃការឆ្លងជំងឺនេះនៅតែខ្ពស់ ព្រោះយើងមិនអាចមើលនឹងភ្នែកទទេដឹងថាបុគ្គលណាមានផ្ទុកមេរោគ Covid-19 ឬមិនមាននោះទេ។ ហេតុនេះសម្រាប់ប្រជាជនទាំងអស់ដែលទៅស្រុកកំណើតនៅថ្ងៃឈប់សម្រាកនាពេលខាងមុខនេះ ចាំបាច់ត្រូវតែអនុវត្តនូវវិធានការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះរាល់ការជួបជុំនានា៕