ប្រទេសជាច្រើននៅអឺរ៉ុប បានចំណាយលុយឱ្យប្រជាជនដែលជិះកង់ទៅធ្វើការ ឬប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដើម្បីកាត់បន្ថយផលប៉ះពាល់នៃបរិស្ថាន និងកាត់បន្ថយការរីករាលដាលនៃជំងឺ Covid-19។
វេទិកាសេដ្ឋកិច្ចពិភពលោកបានបញ្ជាក់ថា នៅទីក្រុងប៉ារីស រដ្ឋបានផ្តល់លុយឱ្យប្រជាជនណាដែលជិះកង់ ដោយសារតែការធ្វើបែបនេះ នឹងអាចកាត់បន្ថយការបំពុលខ្យល់ដែលកើតចេញពីឥន្ធនៈ និងអាចកាត់បន្ថយការប្រើប្រាស់មធ្យោបាយធ្វើដំណើររួម ដូចជាការជិះរថយន្តក្រុង និងជិះរថភ្លើងជាដើម។ ការធ្វើបែបនេះត្រូវបានគេជឿថាអាចជួយបានមួយផ្នែកធំក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរលកទី2 នៃជំងឺ Covid-19 ព្រោះមនុស្សម្នាក់ៗចាប់ផ្តើមប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន ហើយកាត់បន្ថយការជួបជុំតាមរយៈមធ្យោបាយធ្វើដំណើររួម។
បន្ថែមពីលើនេះដើម្បីលើកទឹកចិត្តឱ្យប្រជាជនចាប់ផ្តើមជិះកង់សារជាថ្មី រដ្ឋាភិបាលលើកទឹកចិត្តដោយផ្តល់ថវិកាប្រមាណ 50អឺរ៉ូ ដល់អ្នកទាំងឡាយណាដែលយកកង់ទៅជួសជុលសម្រាប់ប្រើប្រាស់ឡើងវិញ។ ទន្ទឹមនឹងនេះដែរ តាមដងផ្លូវសាធារណៈក៏មានការតម្លើងចំណតសម្រាប់កង់កាន់តែច្រើនឡើងៗ ដើម្បីបង្កើនភាពងាយស្រួលសម្រាប់ប្រជាជនក្នុងទីក្រុងផងដែរ៕