ដោយសារតែការរីករាលដាលនៃជំងឺ Covid-19 រដ្ឋាភិបាលកម្ពុជបានសម្រេចផ្អាកមិនឱ្យប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដោយឱ្យបុគ្គលិកទាំងរដ្ឋ និងឯកជនធ្វើការជាធម្មតា រង់ចាំស្ថានភាពធូរស្រាលទើបសងវិញចំនួន 5ថ្ងៃ។
រហូតមកដល់ពេលនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាផ្លូវការហើយថាយើងកំណត់ថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំ ចំនួន5ថ្ងៃ គឺចាប់ពីថ្ងៃទី17 ខែសីហា រហូតដល់ថ្ងៃទី21 ខែសីហា ឆ្នាំ2020។ តែទោះបីជាយ៉ាងនេះក៏ដោយ រដ្ឋាភិបាលបានស្នើឱ្យក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយ អប់រំ និងណែនាំប្រជាជន ក៏ដូចជា ម្ចាស់អាជីវកម្ម ដោយតម្រូវឱ្យអនុវត្តដាច់ខាតតាមគោលការណ៍របស់ក្រសួងសុខាភិបាលដើម្បីកាត់បន្ថយហានិភ័យ នៃការឆ្លងរាលលជំងឺ Covid-19 នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាក។
សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ការជ្រើសរើសពេលវេលាឈប់សម្រាក នៅចុងខែក្រោយបែបនេះ គឺទុកពេលវេលាឱ្យក្រសួងសុខាភិបាល និងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ជាដើម រៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធការពារសុវត្ថិភាពសុខាភិបាលទុកជាមុន៕