ស្ត្រីជនជាតិចិនម្នាក់នៅសហរដ្ឋអាមេរិកមានផ្ទុកវីរុសCOVID-19 ប៉ុន្តែមិនមានរោគសញ្ញា បានចម្លងវីរុសនេះទៅមនុស្សចំនួន71នាក់នៅក្នុងរយៈពេលត្រឹមតែ60វិនាទីនៃការជិះជណ្ដើរប្រអប់។
សេចក្ដីលម្អិតអំពីរឿងរ៉ាវដ៏គួរភ្ញាក់ផ្អើលនេះ ត្រូវបានបង្ហើបឱ្យដឹងនៅក្នុងសេចក្ដីប្រកាសអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយដែលធ្វើឡើងដោយមជ្ឈមណ្ឌលគ្រប់គ្រងរោគឆ្លងនៃសហរដ្ឋអាមេរិក (CDC)។ បញ្ហានេះបាននាំឱ្យមានការព្រួយបារម្ភជាខ្លាំងទាក់ទិននឹងអ្នកផ្ទុកវីរុសប៉ុន្តែគ្មានរោគសញ្ញា រួមនឹងការជិះជណ្ដើរប្រអប់។
ស្ត្រីម្នាក់ខាងលើនេះបានចេញពីសហរដ្ឋអាមេរិក ត្រលប់ទៅផ្ទះរបស់ខ្លួននៅឯខេត្ត Heilongjiang ប្រទេសចិនកាលពីថ្ងៃទី19មីនា។ បើទោះជាមិនមានរោគសញ្ញា ប៉ុន្តែស្ត្រីម្នាក់នេះនៅតែនៅដាច់ដោយឡែកពីគេឯង។
ការធ្វើតេស្តបន្ទាប់នោះក៏បានរកឃើញថា នាងមានផ្ទុកវីរុសCOVID-19។ 3សប្ដាហ៍ក្រោយមក មនុស្សម្នាក់ក្នុងចំណោមអ្នកជិតខាង និងមនុស្សចំនួន4នាក់ផ្សេងទៀតដែលបានទាក់ទងផ្ទាល់ជាមួយនឹងអ្នកជិតខាង ក៏បានឆ្លងវីរុស។
ស្ត្រីម្នាក់ដែលទើបមកពីសហរដ្ឋអាមេរិកនោះ និងអ្នកជិតខាងទាំងនោះ មិនបានទាក់ទងផ្ទាល់នឹងគ្នានោះទេ ប៉ុន្តែពួកគេប្រើប្រាស់ជណ្ដើរប្រអប់តែមួយនៅក្នុងអំឡុងពេលខុសៗគ្នា។ ស្ត្រីមកពីសហរដ្ឋអាមេរិកជិះជណ្ដើរប្រអប់តែម្នាក់ឯងក្នុងរយៈពេលប្រហែល60វិនាទី ប៉ុន្តែមិនបានជួបអ្នកណាម្នាក់នោះទេ។
យោងតាមការស្រាវជ្រាវរបស់ CDC (អាមេរិក) អ្នកជិតខាងរបស់ស្ត្រីមកពីអាមេរិក ប្រហែលជាបានឆ្លងវីរុសនៅពេលប្រើប្រាស់ជណ្ដើរប្រអប់ក្នុងអគារដែលពួកគេនៅជាមួយគ្នា ក្រោយពីស្ត្រីមកពីអាមេរិកបានប្រើប្រាស់ជណ្ដើរនោះ។ CDC របស់សហរដ្ឋអាមេរិកយល់ថា ការឆ្លងរាលដាលនេះអាចកើតឡើងនៅពេលអ្នកជិតខាងបានប៉ះទៅលើផ្ទៃអ្វីមួយនៅក្នុងជណ្ដើរប្រអប់ ដូចជាជញ្ជាំង ឬគ្រាប់ចុចលេខរបស់ជណ្ដើរជាដើម។
ក្រៅពីអ្នកដែលបានរៀបរាប់ខាងលើ មិនមានអ្នកណាម្នាក់ផ្សេងទៀតក្នុងអគារនោះបានឆ្លងវីរុសនោះទេ ប៉ុន្តែ ការស្រាវជ្រាវបន្ទាប់មក ក៏បានបង្ហាញថា អ្នកជិតខាងរបស់ស្ត្រីមកពីអាមេរិក គឺជាអ្នកជំងឺទី0នៅក្នុងក្រុមមនុស្ស71នាក់ដែលបានឆ្លងវីរុស។
ក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា “លទ្ធផលនៃការស្រាវជ្រាវរបស់យើងបានបញ្ជាក់ថា មនុស្សម្នាក់ដែលមានផ្ទុកវីរុស អាចបង្កការឆ្លងរាលដាលនៅក្នុងសង្គម”។ អ្នកស្រាវជ្រាវបន្តថា ជណ្ដើរប្រអប់គឺជាទីកន្លងដ៏ល្អសម្រាប់ការចម្លងវីរុសCOVID-19 ព្រោះថា វាជាកន្លែងតូចចង្អៀត នាំឱ្យវីរុសដែលមាននៅក្នុងកម្ទេចទឹកតូចៗ ងាយស្រួលក្នុងការរក្សាជីវិត និងតោងជាប់ជញ្ជាំងជណ្ដើរប្រអប់ បន្ទាប់ពីអ្នកផ្ទុកវីរុសបានក្អក កណ្ដាស់ ឬនិយាយគ្នា។
ការស្រាវជ្រាវកន្លងមកបានបញ្ជាក់ថា COVID-19 អាចតោងជាប់នឹងផ្ទៃរបស់វត្ថុអ្វីមួយ ហើយរស់បានជាច្រើនថ្ងៃ ពិសេសគឺផ្ទៃរបស់ដែកអ៊ីណុក ឬជ័រជាដើម៕
ប្រភព៖ The Sun