ពិភពលោកបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ជាង13.2លាននាក់ និងអ្នកស្លាប់ជិត575,000នាក់ ខណៈដែល WHO ព្រមានថា ស្ថានភាពជាក់ស្ដែង អាចអាក្រក់ជាងនេះ។
ក្នុងរយៈពេល24ម៉ោងកន្លងទៅនេះ ពិភពលោកទាំងមូលបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន193,793នាក់ និងអ្នកស្លាប់ចំនួន3,754នាក់ ធ្វើឱ្យតួលេខអ្នកជំងឺសរុបកើនដល់13,216,112នាក់ និងអ្នកស្លាប់ក៏កើនដល់574,753នាក់។ អ្នកជំងឺដែលបានជាសះស្បើយ បានកើនដល់7,683,112នាក់។
សហរដ្ឋអាមេរិក គឺជាសម្បុកវីរុសធំជាងគេបង្អស់ក្នុងពិភពលោក ដោយចំនួនអ្នកជំងឺសរុបបានកើនដល់3,474,296នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់138,182នាក់។ អ្នកជំងឺថ្មី និងអ្នកស្លាប់ថ្មី មានចំនួនបន្តបន្ទាប់គឺ 62,970នាក់ និង409នាក់។
តាមពីក្រោយសហរដ្ឋអាមេរិក គឺប្រទេសប្រស៊ីល ដោយមានអ្នកជំងឺសរុប1,884,967នាក់ និងអ្នកស្លាប់សរុប72,833នាក់។ ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ ប្រេស៊ីលរកឃើញអ្នកជំងឺ18,791នាក់ និងអ្នកស្លាប់682នាក់។
ចំណែកឥណ្ឌាវិញ គឺជាប្រទេសដែលបានរកឃើញអ្នកផ្ទុកវីរុសច្រើនជាងគេលំដាប់ទី3ក្នុងពិភពលោក។ ប្រទេសនេះមានអ្នកជំងឺសរុប878,254នាក់ និងអ្នកស្លាប់សរុប23,174នាក់។
ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីម្សិលមិញបានព្រមានថា ស្ថានភាពវិបត្តិCOVID-19 នឹងកាន់តែអាក្រក់ឡើងៗ។ លោកថ្លែងថា “ខ្ញុំសូមនិយាយត្រង់ៗថា មានប្រទេសច្រើនណាស់ដែលកំពុងដើរខុសទិសដៅ។ COVID-19 នៅតែជាសត្រូវលំដាប់ទី1របស់ពិភពលោក។ បើសិនជាគោលការណ៍ជាមូលដ្ឋានមិនត្រូវបានគោរពតាម នោះស្ថានភាពមហារោគរាតត្បាតនឹងកាន់តែអាក្រក់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃជាក់ជាមិនខាន”៕
ប្រភព៖ សារព័ត៌មានបរទេស