តើអ្នកដឹងទេ…ហេតុអីបានមនុស្សប្រុសវ័យកណ្តាលដែលមានតួនាទីការងារឈានមុខ មានឋានៈរឹងមាំ មានជោគជ័៏យក្នុងជីវិតច្រើនតែដុះក្បាលពោះស្អុយ រកចង្កេះលែងឃើញ សាច់ដុំដែលធ្លាប់មាំមួនមើលទៅថយចុះ ភាពរឹងប៉ឹងថយចុះ យន្តការនៃការធ្វើការងារផ្សេងៗរបស់រាងកាយចាប់ផ្តើមខុសប្រក្រតី បាត់បង់តុល្យការ និងចាប់ផ្តើមមានបញ្ហាសុខភាព?។
វេជ្ជបណ្ឌិតជំនាញបានបកស្រាយថា ដោយសារតែពេលចូលដល់វ័យ 40 ឆ្នាំឡើង កម្រឹតអ័រម៉ូនភេទប្រុស ឬថេសថូស្ទើរ៉ូននឹងថយចុះក្នុងមួយឆ្នាំប្រមាណជា 1.6 % ដោយវានឹងថយចុះទៅទៀតជារឿយៗ តែមិនមានការឈប់ធ្វើការនោះទេ ដែលវាខុសប្លែកពីមនុស្សស្រីដែលសំបុកស៊ុតនឹងឈប់ផលិតអ័រម៉ូនភេទស្រីទាំងស្រុងតែម្តង ដូច្នេះទើបអាការខុសប្រក្រតីផ្សេងៗដែលកើតនៅលើមនុស្សប្រុសវ័យចំណាស់មិនសូវច្បាស់លាស់ និងធ្ងន់ធ្ងរដូចស្រីវ័យចំណាស់នោះទេ តែសភាវចុះខ្សោយអ័រម៉ូននឹងមានផលប៉ះពាល់ដល់ការធ្វើការងាររបស់អវយវៈផ្សេងៗដែលគ្រប់គ្រងដោយអ័រម៉ូនភេទប្រុស។
ធាត់ដុះក្បាលពោះស្អុយ អាចរាប់បានថាជាសញ្ញាគ្រោះថ្នាក់លំដាប់ដំបូងៗគេមួយដែលបង្ហាញពីការចុះខ្សោយរបស់អ័រម៉ូនភេទប្រុស ហុចផលឱ្យរាងកាយមានការដុតបំផ្លាញជាតិខ្លាញ់ថយចុះ ទើបធ្វើឱ្យមានខ្លាញ់ប្រមូលសន្សំច្រើនក្នុងបរិវេណជុំវិញចង្កេះ និងផ្នែកផ្សេងៗច្រើនឡើង រឹតតែធ្វើចលនារាងកាយតិច ឬមិនសូវបានហាត់ប្រាណ សម្រាកបានតិច មានអារម្មណ៍តានតឹងធុញថប់ជាប្រចាំផងនោះ បុរសវ័យចំណាស់នឹងរឹតតែមានក្បាលពោះធំឡើង ដែលវាជាបច្ច័យប្រថុយប្រថានសំខាន់មួយរបស់ជំងឺរ៉ាំរ៉ៃផ្សេងៗដូច
ជា ជំងឺលើសឈាម ជាតិខ្លាញ់ក្នុងឈាមខ្ពស់ ជំងឺសរសៃឈាមបេះដូង និងពិការមួយចំហៀងខ្លួន ឬមួយកំណាត់ខ្លួន។ ខណៈពេលជាមួយគ្នា អ័រម៉ូនភេទដែលថយចុះនេះ នៅធ្វើឱ្យមនុស្សប្រុសមានអាការងាយនឿយហត់ មិនស្វាហាប់ ឆាប់ខឹងមួម៉ៅ អារម្មណ័ប្រែប្រួល ស្រងូតស្រងាត់ ការចងចាំ និងសមាធិថយចុះ គេងមិនលក់ សមត្ថភាពផ្លូវភេទថយចុះ បង្កើនភាពប្រថុយប្រថានដល់សភាវពុកឆ្អឹង ជាដើមទៀតផង។
បុរសទាំងឡាយគួរតែសង្កេតមើលការដុះក្បាលពោះរបស់ខ្លួនឯងឱ្យល្អ ព្រោះនេះគឺជាសញ្ញាដាស់តឿនសុខភាពលំដាប់ដំបូងគេ ដោយការវាស់ទំហំចង្កេះ គឺបើជាបុរសជនជាតិអាស៊ីដែលមានរង្វង់ចង្កេះលើសពី 90 សង្ទីម៉ែត្រ ឬបុរសជនជាតិអឺរ៉ុបដែលមានរង្វង់ចង្កេះលើសពី 94 សង្ទីម៉ែត្រនោះ គឺអាចរាប់បានថាចាប់ផ្តើមមានសភាវដុះក្បាលពោះហើយ។ សម្រាប់ការវាស់រង្វង់ចង្កេះដែលត្រឹមត្រូវវិញនោះ ចូរវាស់បរិវេណពាក់កណ្តាលឆ្អឹងជំនីចុងក្រោមគេបំផុតជាមួយនឹងឆ្អឹងត្រគាក ដោយមិនកាត់តាមរន្ធផ្ជឹតឡើយ។
ទោះជាយើងមិនអាចយកឈ្នះភាពចុះខ្សោយរបស់វ័យបានក៏ដោយ តែក៏មិនគួរបណ្តោយឱ្យដុះក្បាលពោះស្អុយនោះដែរ ព្រោះដុំខ្លាញ់ដែលនៅជុំវិញចង្កេះបង្កគ្រោះថ្នាក់ខ្លាំងជាងការមើលមកមិនសង្ហាច្រើនណាស់។ សម្រាប់វិធីងាយៗដែលជួយក្នុងការត្រៀមខ្លួនជាស្រេចចាំទប់ទល់នឹងការប្រែប្រួលដែលនឹងកើតឡើងនោះគឺ ការមើលថែទាំសុខភាពឱ្យរឹងមាំជាប់ជានិច្ចដោយការហាត់ប្រាណជាប្រចាំ ទទួលទានអាហារដែលមានប្រយោជន៍ ដោយសង្កត់ធ្ងន់លើអាហារប្រភេទបន្លែ និងផ្លែឈើឱ្យច្រើនឡើង កាត់បន្ថយភាពតានតឹងធុញថប់ក្នុងអារម្មណ៍ សម្រាកឱ្យបានគ្រប់គ្រាន់ បញ្ឈប់ទង្វើណាដែលបង្កឱ្យកើតជំងឺ ដូចជា ចៀសវាងពីបារី និងភេសជ្ជះដែលមានជាតិអាល់កុល តមអាហារដែលមានខ្លាញ់ពីសត្វ ជាដើម និងដែលសំខាន់នោះ គួរទៅជួបគ្រូពេទ្យដើម្បីពិនិត្យរាងកាយជាប្រចាំ។
ត្រឹមតែប៉ុណ្ណឹង លោកអ្នកក៏នឹងអាចឈានឆ្លងវ័យចំណាស់របស់ជីវិតទៅបានដោយគ្មានបញ្ហាផ្នែកសុខភាពមករំខានចិត្តបានបាត់ទៅហើយ៕