ប្រធានាធិបតី Jeanine Anez របស់ប្រទេសបូលីវី កាលពីម្សិលមិញ(9កក្កដា) បានប្រកាសថា ទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងCOVID-19 ក្រោយពីបានធ្វើតេស្ត។
លោកស្រីប្រធានាធិបតី Jeanine Anez ប្រកាសនៅលើ Twitter ថា លោកស្រីនៅមានសុខភាពល្អ។ លោកស្រីបន្តថា នឹងនៅតែបំពេញការងារជាបន្តដូចធម្មតាក្នុងអំឡុងពេលនៅដាច់ដោយឡែកពីគេឯង។ លោកស្រី Jeanine Anez ឱ្យដឹងថា “សាមគ្គីគ្នា យើងនឹងឆ្លងផុតរោគរាតត្បាតនេះ”។
លោកស្រី Jeanine Anez បានថ្លែងថា លោកស្រីបានទៅធ្វើតេស្តរកវីរុសCOVID-19 ក្រោយពីសមាជិកក្រោមឱវាទរបស់លោកជាច្រើនរូប បានធ្លាក់ខ្លួនឈឺ។
រដ្ឋាភិបាលប្រទេសបូលីវីបានប្រកាសថា យ៉ាងហោចណាស់ក៏មានរដ្ឋមន្ត្រីចំនួន7រូប រួមទាំងរដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរ បានទទួលលទ្ធផលវិជ្ជមានជាមួយនឹងCOVID-19។ ក្រុមមន្ត្រីទាំងនេះកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ខ្លះទៀតសម្រាកព្យាបាលនៅឯគេហដ្ឋានផ្ទាល់ខ្លូន។
គិតមកដល់បច្ចុប្បន្ន ពិភពលោកទាំងមូលបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ជិត9.5លាននាក់ និងអ្នកស្លាប់ជិត5សែននាក់។ ប្រទេសបូលីវីមានប្រជាជនសរុបជាង11.5លាននាក់ ក្នុងនោះមានជាង42,000នាក់បានឆ្លងវីរុសCOVID-19 និងជាង1,500នាក់បានបាត់បង់ជីវិតដោយសារវីរុសនេះ។
នៅមុនករណីប្រធានាធិបតីបូលីវី ក៏មានមន្ត្រីជាន់ខ្ពស់ជាច្រើនផ្សេងទៀតរបស់បណ្ដាប្រទេស បានឆ្លងមេរោគរាតត្បាតCOVID-19នេះ ក្នុងនោះក៏មាននាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស