ថ្ងៃមុនឃើញអ្នកនៅក្បែរខ្លួនម្នាក់លបយកថ្នាំប៉ារ៉ាសេតាម៉ុលដាក់ចូលមាត់ ហើយអកតែទឹកកកតាមក្រោយភ្លែត ខ្ញុំរកតែលើកដៃហាមក៏មិនទាន់ ព្រោះអ្នកណាគេលេបថ្នាំជាមួយទឹកតែ? តែអ្នកលេបមិនដឹងអ្វីទាំងអស់ លេបធ្វើព្រងើយ ធ្វើដូចជារឿងប្រក្រតីធម្មតាអ៊ីចឹង។ ការពិតទៅបែបហ្នឹងមិនមែនជារឿងប្រក្រតីនោះទេ ថ្នាំគេលេបជាមួយទឹកសុទ្ធទើបត្រូវ ហើយបើលេបជាមួយទឹកភេសជ្ជៈដទៃទៀត តើនឹងមានផលយ៉ាងណាចំពោះរាងកាយ? បើចង់ដឹង សូមតាម ឡារ៉ែនមកមើលចម្លើយទាំងអស់គ្នា។
1. ទឹកតែ កាហ្វេ
សូមលើកឧទាហរណ៍ពី ភេសជ្ជៈ 2 មុខនេះជាមុន ព្រោះមនុស្សជាច្រើនគិតថាអាចញ៉ាំជាមួយថ្នាំបាន មិនអីទេ តែការពិតវិញ បើយើងលេបថ្នាំជាមួយទឹកតែ ឬកាហ្វេនោះ នឹងរឹតតែជាការបន្ថែមបរិមាណកាហ្វេអ៊ីនដល់រាងកាយ ដែលជាប្រក្រតី នៅក្នុងថ្នាំបំបាត់ជំងឺគ្រុនផ្តាសាយផ្សេងៗដែលមានចំណែកផ្សំរបស់ pseudoephedrine នឹងមានឬទ្ធិជំរុញប្រព័ន្ធប្រសាទស្រាប់ហើយ ដូច្នេះបើទទួលកាហ្វេអ៊ីនចូលថែមទៅទៀត អាចធ្វើឱ្យកើតអាការឡេះឡះរសាប់រសល់ ញ័រទ្រូង ឬគេងមិនលក់បាន។
2. ទឹកដោះគោ
ឃើញថាជាភេសជ្ជះដែលល្អ មានប្រយោជន៍បែបនេះ ការពិតវិញមិនអាចយកមកញ៉ាំជាមួយថ្នាំបានទេ ព្រោះទឹកដោះគោមានសារធាតុអាហារដែលសំខាន់ គឺ កាល់ស្យូម ដែលនឹងចូលទៅទប់ស្កាត់ការបឺតជ្រាបរបស់ថ្នាំបដិបក្ខប្រាណដែលលេបចូលទៅហ្នឹងឯង ឬហៅខ្លីៗថា អាចនឹងធ្វើឱ្យថ្នាំដែលយើងលេបចូលទៅបានផលថយចុះហ្នឹងឯង។
3. ទឹកផ្លែឈើ (ដែលមានរសជាតិជូរ)
ទឹកផ្លែឈើភាគច្រើនតែងមានរសជាតិជូរ ដូចជា ទឹកក្រូច ទឹកក្រូចឆ្មារ ជាដើម ក្នូងអំឡុងពេលទទួលទានអាហារអាចនឹងស្រវាយកមកញ៉ាំជំនួសទឹកសុទ្ធ ហើយបញ្ច្រកថ្នាំចូលតាមក្រោយ ប៉ុន្តែវាក្លាយជាទឹកផ្លែឈើដែលមានឬទ្ធិជាអាស៊ីតនោះ អាចចូលទៅផ្លាស់ប្តូរការរំលាយរបស់ថ្នាំ ប្រឆាំងការបឺតជ្រាបរបស់ថ្នាំ ធ្វើឱ្យថ្នាំមានប្រសិទ្ធភាពថយចុះ និងធ្វើឱ្យបរិមាណថ្នាំក្នុងរាងកាយប្រែប្រួលបាន។
4. ទឹកផេសជ្ជៈដែលមានជាតិហ្កាស(ភេសជ្ជៈកំប៉ុង) ទឹកសូដា
អ្នកណាគេខ្លះដែលទៅលេបថ្នាំជាមួយទឹកភេសជ្ជៈកំប៉ុង? ឃើញច្បាស់ៗស្រាប់ហើយថា ទឹកភេសជ្ជៈកំប៉ុងមានជាតិហ្កាសដែលក្រៅពីនឹងចូលទៅខាំកកេរក្រពះហើយនោះ នៅទៅរារាំងការធ្វើការរបស់ថ្នាំ និងធ្វើឱ្យថ្នាំបឺតជ្រាបចូលក្នុងរាងកាយបានតិចចុះទៅទៀតផង។
5. ភេសជ្ជះដែលមានជាតិអាល់កុល
ចំណុចនេះយ៉ាប់យ៉ឺនបំផុត ព្រោះជាតិអាល់កុលមានឬទ្ធិសង្កត់ប្រព័ន្ធប្រសាទ បើសិនលេបថ្នាំណាដែលមានសារធាតុសង្កត់ប្រព័ន្ធប្រសាទ ដូចជា ថ្នាំបំបាត់ប្រតិកម្មចាញ់(ដែលធ្វើឱ្យងងុយគេង) ថ្នាំបំបាត់កង្វល់ ឬថ្នាំប្រឆាំងអាការសោកសៅផងនោះ អាចនឹងមិនមែនត្រឹមតែងងុយគេងខ្លាំងនោះទេ តែអាចដល់ថ្នាក់បាត់សមាធិ និងអាចខ្យល់គបាត់ស្មារតីបានទៀតផង។ ក្រៅពីនេះជាតិអាល់កុលនៅមានផលជាមួយថ្នាំប៉ារ៉ាសេតាម៉ុល ដោយអាចធ្វើឱ្យកើតអាការក្រលៀនគាំងលែងធ្វើការទាន់ហន់បានទៀតផង។
ដូច្នេះភេសជ្ជះដែលគួរទទួលទានជាមួយថ្នាំខ្លាំងបំផុត គឺទឹកបរិសុទ្ធធម្មតាៗហ្នឹងឯង បើចង់ឱ្យល្អថែមទៀតនោះត្រូវតែជាទឹកដែលមានសីតុណ្ហភាពត្រូវនឹងកម្តៅពោះផង ហើយទោះជាទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់គ្មានរបាយការណ៍មួយណាបញ្ជាក់ច្បាស់ថា ធ្វើឱ្យកើតមានគ្រោះចំពោះរាងកាយក៏ដោយ តែយ៉ាងហោចណាស់ទឹកញ៉ាំដែលមានសីតុណ្ហភាពធម្មតាក៏មិនធ្វើឱ្យការរលាយរបស់ថ្នាំប្រែប្រួលដូចទឹកផ្សេងទៀតដែរ។
លើកក្រោយ បើចង់ឆាប់ជាពីជំងឺនោះ កុំភ្លេចលេបថ្នាំជាមួយទឹកសុទ្ធណា៎ មិត្តអ្នកអាន៕