ពិភពលោកបានរកឃើញអ្នកជំងឺចំនួន12,134,926នាក់ និងអ្នកស្លាប់ជិត551,000នាក់ដោយសារតែវីរុសCOVID-19។ តំបន់អាស៊ីអាគ្នេយ៍ មានប្រទេសចំនួនជិតពាក់កណ្ដាលដែលរងគ្រោះធ្ងន់ធ្ងរជាងគេព្រោះតែវិបត្តិសុខភាពនេះ។
ឥណ្ឌូនេស៊ីគឺជាសម្បុកវីរុសCOVID-19 ធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានអ្នកឆ្លងវីរុសចំនួន 68,079នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន3,359នាក់។ ចំនួនអ្នកជំងឺបានកើន1,853នាក់ និងអ្នកស្លាប់កើន50នាក់ បើធៀបនឹងម្សិលមិញ។ សាលារៀនត្រូវបន្តបិទទ្វាររហូតដល់ថ្ងៃទី13កក្កដា ខណៈដែលភោជនីយដ្ឋាននិងបារទាំងអស់ត្រូវផ្អាកដំណើរការទាំងស្រុងបន្តទៀត។
ហ្វីលីពីន ដែលជាសម្បុកមេរោគធំជាងគេលំដាប់ទី2ក្នុងតំបន់ បានរាយការណ៍ថា ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ ហ្វីលីពីនបានរកឃើញអ្នកជំងឺថ្មីចំនួន2,486នាក់ និងអ្នកស្លាប់ចំនួន6នាក់បន្ថែមទៀត ដែលនេះបានធ្វើឱ្យចំនួនអ្នកបានឆ្លងវីរុស កើនឡើងដល់50,359នាក់ និងស្លាប់1,853នាក់។
ក្រសួងសុខាភិបាលហ្វីលីពីនបានឱ្យដឹងថា អត្រានៃការឆ្លងនេះអាចបណ្ដាលមកពីប្រជាជនចាប់ផ្ដើមជួបជុំគ្នាច្រើនជាងមុន ក្រោយពីរដ្ឋាភិបាលបានចាប់ផ្ដើមបន្ធូរបន្ថយវិធានការនៃបម្រាមគោចរ ក្នុងបំណងកាត់បន្ថយផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចជាតិ។
ចំណែកប្រទេសសិង្ហបុរីវិញ គឺជាសម្បុកមេរោគCOVID-19 ធំជាងគេលំដាប់ទី3ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ដោយបានរកឃើញអ្នកផ្ទុកវីរុសសរុបចំនួន45,298នាក់ ដែលកើន158នាក់បើធៀបនឹងម្សិលមិញ ក្នុងនោះមានអ្នកស្លាប់ចំនួន26នាក់។ ប្រទេសនេះកំពុងបន្ធូរបន្ថយការរឹតត្បិតលើការដើរហើរទៅតាមដំណាក់កាល ខណៈដែលការបោះឆ្នោតសកលនៅតែត្រូវបានធ្វើឡើងនៅថ្ងៃទី10កក្កដាខាងមុខនេះ។ នាយករដ្ឋមន្ត្រី Lee Hsien Loong បានសម្រេចធ្វើការបោះឆ្នោតនៅពេលនេះ ព្រោះថា មិនប្រាកដថា បញ្ហា COVID-19 អាចត្រូវបានបញ្ចប់នៅក្នុងឆ្នាំក្រោយ ឬយ៉ាងណានោះទេ។
ប្រទេសម៉ាឡេស៊ី បានរកឃើញអ្នកជំងឺចំនួន 8,596នាក់ និងអ្នកស្លាប់121នាក់ ខណៈដែលប្រទេសថៃមានអ្នកជំងឺ3,157នាក់និងអ្នកស្លាប់58នាក់ វៀតណាមរកឃើញអ្នកជំងឺ352នាក់ មីយ៉ានម៉ាមានអ្នកជំងឺ293នាក់និងស្លាប់6នាក់ ប្រទេសប៊្រុយណេមានអ្នកជំងឺ141និងស្លាប់3នាក់ កម្ពុជាបានរកឃើញអ្នកជំងឺ141នាក់ ទីម័រខាងកើតមានអ្នកជំងឺ24នាក់ និងប្រទេសឡាវមានអ្នកជំងឺសរុបយ៉ាងតិច19នាក់។
ប្រទេសកម្ពុជា ឡាវ វៀតណាម និងទីម័រខាងកើត គឺជាបណ្ដាប្រទេសក្នុងតំបន់អាស៊ីដែលមិនទាន់មានករណីបាត់បង់ជីវិតដោយសារឆ្លងវីរុសCOVID-19 នៅឡើយ៕
ប្រភព៖ សារព័ត៌មានបរទេស