
ពិភពលោកទាំងមូល បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុបចំនួន11,710,170នាក់ និងអ្នកស្លាប់សរុបចំនួន539,720នាក់ ក្នុងនោះមានអ្នកជំងឺថ្មីចំនួន172,717នាក់ និងអ្នកស្លាប់ថ្មីចំនួន3,396នាក់ ក្នុងពេលដែលស្ថានភាពវិបត្តិសុខភាពនៅសហរដ្ឋអាមេរិកនិងប្រទេសមួយចំនួន កាន់តែធ្ងន់ធ្ងរឡើងៗ។
យោងតាមតួលេខរបស់ Worldometers ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ សហរដ្ឋអាមេរិកបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន41,500នាក់ ដែលនេះបាននាំឱ្យតួលេខអ្នកជំងឺសរុបកើនឡើងដល់ជាង3លាននាក់ ខណៈដែលអ្នកស្លាប់សរុបក៏កើនដល់ជិត133,000នាក់។
Channel News Asia បានរាយការណ៍ថា នៅក្នុងកិច្ចសម្ភាសកាលពីថ្ងៃទី6កក្កដាកន្លងទៅជាមួយបណ្ឌិត Anthony Fauci ដែលជាអ្នកជំនាញផ្នែករោគឆ្លងនៅសហរដ្ឋអាមេរិក និងជាសមាជិកនៃគណៈកម្មធិការប្រយុទ្ធប្រឆាំងនឹងCOVID-19 របស់រដ្ឋាភិបាលអាមេរិក បានព្រមានថា មហារោគរាតត្បាតនៅសហរដ្ឋអាមេរិក “ពិតជាធ្ងន់ធ្ងរណាស់” និង “ត្រូវការដោះស្រាយជាបន្ទាន់”។

ចំនួនអ្នកឆ្លងវីរុស មាននិន្នការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងរដ្ឋជាច្រើននាពេលថ្មីៗនេះ នៅពេលដែលតំបន់មួយចំនួនបានចាប់ផ្ដើមដំណើរការសេដ្ឋកិច្ចឡើងវិញ។ ចំណែកពលរដ្ឋអាមេរិកាំងនៅតែបន្តនាំគ្នាទៅកាន់ឆ្នេរសមុទ្រក្នុងពេលអាកាសធាតុក្ដៅ ដោយមិនយកចិត្តទុកដាក់ដល់ការព្រមានពីក្រុមអ្នកជំនាញផ្នែកសុខាភិបាល។

លោក Rochelle Walensky ប្រធានផ្នែករោគឆ្លងនៅមន្ទីរពេទ្យ Massachusetts ថ្លែងថា “មហារោគរាតត្បាតនេះ មិនទាន់ថមថយកម្លាំងនៅឡើយ។
រីឯលោក Peter Hotez ប្រធានផ្នែកម្នាក់នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Baylor នៅទីក្រុង Bouston ក៏បានសង្កត់ធ្ងន់ថា “យើងមានកំណត់ត្រាថ្មី (ស្ដីអំពីចំនួនអ្នកឆ្លងCOVID-19) ស្ទើរតែរាល់ថ្ងៃនៅក្នុងរដ្ឋ Texas។ ស្ថានភាពនេះកំពុងកើតឡើងនៅក្នុងរដ្ឋផ្សេងៗផងដែរនៃប្រទេសនេះផងដែរ។
ការព្រមានខាងលើ រួមនឹងការព្រមានជាច្រើនផ្សេងទៀត គឺផ្ទុយទាំងស្រុងទៅនឹងការអះអាងប្រកបដោយទំនុកចិត្តជ្រុលហួសរបស់ប្រធានាធិបតី Donald Drump និងក្រុមមន្ត្រីរបស់លោក។ កាលពីសប្ដាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិកថ្លែងថា “យុទ្ធសាស្ត្រទប់ទល់នឹង COVID-19 របស់សហរដ្ឋអាមេរិក កំពុងដើរលើផ្លូវត្រូវ”។
ម្ចាស់សេតវិមាននេះអះអាងថា “យើងបានធ្វើតេស្តជិត40លាននាក់។ តាមរយៈនេះ បានបង្ហាញថា 99% នៃអ្នកជំងឺ គឺមិនមានគ្រោះថ្នាក់ទេ។ ពុំមានប្រទេសណាមួយដែលមានលទ្ធផលបែបនេះឡើយ ព្រោះពួកគេមិនអាចធ្វើតេស្តដូចយើង ទាំងបរិមាណ និងគុណភាព”។

ក្រៅពីសហរដ្ឋអាមេរិក ក៏មានប្រទេសជាច្រើនកំពុងជួបនឹងបញ្ហាកើនឡើងជាលើកទីពីរនៃតួលេខអ្នកជំងឺCOVID-19នេះដែរ។ ប្រទេសប្រេស៊ីលគឺជាសម្បុកមេរោគធំជាងគេទីពីរក្នុងពិភពលោក ដោយមានអ្នកជំងឺសរុប1,623,284នាក់ និងអ្នកស្លាប់ចំនួន65,487នាក់ ក្នុងនោះមានអ្នកជំងឺថ្មី18,669នាក់ និងអ្នកស្លាប់ថ្មីចំនួន587នាក់។ ចំណែកឥណ្ឌាដែលទើបតែបានក្លាយជាសម្បុកមេរោគCOVID-19ធំជាងគេលំដាប់ទី3ក្នុងពិភពលោក បានរកឃើញអ្នកជំងឺសរុបចំនួន720,346នាក់ និងអ្នកស្លាប់សរុបចំនួន20,174នាក់៕
ប្រភព៖ សារព័ត៌មានបរទេស
