ក្នុងពេលដែលជំងឺឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 នៅតែវាយប្រហារយ៉ាងឥតឈប់ឈរទូទាំងពិភពលោក ព្រមជាមួយការមកដល់នៃរដូវក្ដៅនៅឯតំបន់ប៉ូលផែនដីប៉ែកខាងជើង បានធ្វើឱ្យកើតមានចរន្តវិតក្កកង្វល់ដ៏ធំមួយឡើងថា “មូស និងរុយ” អាចជាភ្នាក់ងារចម្លងមេរោគវីរុសកូរ៉ូណាចូលមកមនុស្សបាន…។
លោក វ៉ាង លីភឹង អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគក្រុងប៉េកាំង បានថ្លែងកាលពីថ្ងៃទី30 មិថុនាថា ក្ដីភ័យខ្លាចទាំងនោះ មិនមែនកើតឡើងដោយគ្មានហេតុផលនោះទេ ដោយសារតែមូស និងរុយ អាចជាភ្នាក់ងារចម្លងមេរោគឆ្លងមួយចំនួន ដូចជាគ្រុនចាញ់ និងគ្រុនឈាម ជាដើម។
តែយ៉ាងណាក៏ដោយ លោកវ៉ាង បានចង្អុលបង្ហាញថា មូស និងរុយ មិនមានគ្រឹះខាងជីវវិទ្យារបស់ការចម្លងមេរោគវីរុសកូរ៉ូណាឡើយ ដោយសារទូទាំងពិភពលោកមិនបានរកឃើញភ័ស្តុតាងថា ពួកវា ជាដើមកំណើតនៃការឆ្លងមេរោគកូវីដ-19នោះទេ តែ សូមណែនាំប្រជាជន ឱ្យការពារខ្លួនពីការត្រូវមូសខាំ និងរក្សាទុកដាក់ចំណីអាហារឱ្យផុតពីសត្វរុយនៅក្នុងរដូវក្ដៅ។
ក្រៅពីនោះ អង្គការសុខភាពពិភពលោក(WHO) បានជូនដំណឹងថា វីរុសកូរ៉ូណាប្រភេទថ្មី មិនអាចចម្លងសាយភាយតាមរយៈការខាំរបស់សត្វមូសបានទេ ដោយបច្ចុប្បន្នមិនមានទិន្នន័យ ឬភ័ស្តុតាងបង្ហាញថា វីរុសកូរ៉ូណាប្រភេទថ្មីសាយភាយតាមរយៈសត្វមូសទេ។
អង្គការនេះ បានបញ្ជាក់ទៀតថា វីរុសកូរ៉ូណាប្រភេទថ្មី ជាវីរុសប្រព័ន្ធដង្ហើម ដែលចម្លងសាយភាយតាមរយៈ “លម្អងទឹកល្អិតៗដែលកើតចេញពីអ្នកឆ្លងមេរោគពេលកណ្ដាស់ ឬក្អក ឬល្អងទឹកសំបោរ” ជាចម្បង។
លោក អាចេ ម៉ុនហ្គោមេរី នាយកផ្នែកគ្រប់គ្រងការកម្ចាត់សត្វមូសនៅក្នុងទីក្រុង ហ៊ីលបូរ៉ូ រដ្ឋហ្វ្លរីដា បានប្រាប់ទៅសារព័ត៌មានប្រចាំតំបន់ថា “រាប់មកដល់ថ្ងៃនេះ មិនមានភ័ស្តុតាងខាងវិទ្យាសាស្ត្រណាមួយបញ្ជាក់ថា សត្វមូសអាចចម្លងសាយភាយមេរោគកូវីដ-19 ពីសត្វមូស ទៅសត្វមូសផ្សេងទៀតបានឡើយ”
លោកម៉ុនហ្គោមេរី បានថ្លែងប្រាប់ស្ថានីយទូរទស្សន៍ WTSP ថា សត្វមូស “គឺជាភ្នាក់ងារនាំអតិសុខុមប្រាណបង្កជំងឺយ៉ាងច្រើន តែតាមរយៈអ្វីដែលយើងដឹងក្នុងថ្ងៃនេះគឺ កូវីដ-19 មិនមែនជាអតិសុខុមប្រាណដែលមូសនឹងធ្វើជាភ្នាក់ងារចម្លងសាយភាយមកមនុស្សបានទេ”
WHO បានណែនាំថា គួរលាងសម្អាតដៃដោយជេលអាល់កុល ឬលាងដៃដោយសាប៊ូ និងទឹកជាប្រចាំ រហូតដល់ចៀសវាងការទំនាក់ទំនងជិតស្និទ្ធជាមួយបុគ្គលដែលកំពុងក្អក ឬកណ្ដាស់ ដើម្បីការពារខ្លួនឯងពីរោគរាតត្បាត៕
ប្រភព៖ សារព័ត៌មានបរទេស