កម្ពុជាជាប្រទេសដែលមានសក្តានុពលខ្លាំង និងទទួលចំណូលពីវិស័យទេសចរណ៍ជាច្រើនលានដុល្លាររៀងរាល់ឆ្នាំ តែសម្រាប់ឆមាសទី1 ឆ្នាំ2020 នេះ ដោយសារតែវិបត្តិនៃការរីករាលដាលជំងឺ Covid-19 ក៏បានធ្វើឱ្យកម្ពុជាបាត់បង់ចំណូលច្រើនលានដុល្លារទៅវិញ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថាវិបត្តិនៃជំងឺ Covid-19 បានធ្វើឱ្យភ្ញៀវទេសចរធ្លាក់ចុះយ៉ាងគំហុក ដែលបង្ករផលប៉ះពាល់ជាច្រើនដល់ប្រតិបត្តិករទេសចរណ៍។ គិតត្រឹមដើមខែឧសភា ឆ្នាំ2020 មានអាជីវកម្មទេសចណ៍បិទទ្វា និងបិទបណ្តោះអាសន្នចំនួន 2,956ទីតាំង និងមានបុគ្គលិកបម្រើការងារផ្ទាល់សរុប 45,405នាក់រងផលប៉ះពាល់។
ការបាត់បង់ការងារនេះ បានធ្វើឱ្យមានការជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ច និងសង្គមជារួមតាមរយៈឥទ្ធិពលដែលលើសពីឥទ្ធិពលអវិជ្ជមាននៅក្នុងវិស័យធ្វើដំណើរ និងទេសចរណ៍ជាសកល។ ទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាក់ថា ភ្ញៀវទេសចរជាតិបានចាប់ផ្តើមដំណើរកម្សាន្តឡើងវិញហើយក្នុងខែនេះ តែភ្ញៀវទេសចរបរទេសនៅមានចំនួនតិចតួចនៅឡើយដោយសារតែការរឹតបន្តឹងការធ្វើដំណើរក្នុងអំឡុងពេល Covid-19រាតត្បាតពិភពលោកនេះ៕