កូនកំលោះម្នាក់នៅទីក្រុង Paliganj បានបាត់ជីវិតក្រោយពីបានចម្លងវីរុសCOVID-19 ទៅមនុស្សជាង100នាក់ដែលបានចូលរួមពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្លួនកាលពីថ្ងៃទី15មីថុនាកន្លងទៅ។
បុរសជាវិស្វករផ្នែកទន់ម្នាក់ អាយុ30ឆ្នាំ មានអាការរាកនិងក្ដៅខ្លួនខ្លាំងនៅមុនថ្ងៃចូលរោងការ ក៏ប៉ុន្តែក្រុមគ្រួសារមិនបានអើពើដល់ការណែនាំរបស់ក្រុមគ្រូពេទ្យនោះឡើយ ដោយកូនកំលោះគ្រាន់តែលេបថ្នាំបន្ថយការឈឺចាប់និងបន្ថយកម្ដៅ និងបានប្រារព្ធពិធីរៀបមង្គលការដ៏ធំ ដែលមានមនុស្សចូលរួមចំនួនជាង360នាក់។
ពីរថ្ងៃបន្ទាប់ពីពិធីរៀបអាពាហ៍ពិពាហ៍នៅទីក្រុង Paliganj រដ្ឋ Bibar ភាគឦសានប្រទេសឥណ្ឌា ស្ថានភាពសុខភាពរបស់កូនកំលោះក៏កាន់តែធ្ងន់ធ្ងរជាងមុន។ មិនយូរប៉ុន្មាន កូនកំលោះនេះក៏បានស្លាប់នៅតាមផ្លូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ សាកសពត្រូវបានបូជាយ៉ាងឆាប់រហ័សដោយមិនទាន់មានការធ្វើតេស្តរកវីរុសCOVID-19។
កាលពីថ្ងៃទី19មិថុនា មនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងកូនកំលោះ សុទ្ធតែត្រូវបានពិនិត្យសុខភាព ក្នុងនោះមានមនុស្សចំនួន16នាក់ ទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងCOVID-19។ ការធ្វើតេស្តលើភ្ញៀវទាំងអស់ដែលបានចូលរួមពិធីមង្គលការខាងលើនៅតែបន្ត ហើយបានរកឃើញអ្នកផ្ទុកវីរុសចំនួន86នាក់បន្ថែមទៀត នាំឱ្យតួលេខសរុបកើនឡើងលើសពី100នាក់ ខណៈដែលកូនក្រមុំទទួលបានលទ្ធផលអវិជ្ជមាន។
សាច់ញាតិម្នាក់របស់កូនកំលោះ និយាយថា “កាលពីថ្ងៃទី14មិថុនា បើទោះជាគាត់បានប្រាប់ថា មិនស្រួលខ្លួន ហើយចង់ពន្យារពេលរៀបការ ប៉ុន្តែមេបាទាំងសងខាងបានផ្ដល់យោបល់ថា មិនគួរធ្វើបែបនេះ ព្រោះថា នឹងខាតបង់ប្រាក់យ៉ាងច្រើន បើសិនជាលុបចោលពិធីរៀបការនេះ”។
សាច់ញាតិម្នាក់ផ្សេងទៀតឱ្យដឹងថា គ្មានអ្នកណាម្នាក់គិតថា កូនកំលោះមានផ្ទុកវីរុសCOVID-19នោះឡើយ។ “នៅតំបន់ជនបទដែលហាក់មិនមានស្រមោលរបស់COVID-19 យើងមានភាពងាយស្រួលក្នុងការដើរហើរ”។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅក្នុងថ្ងៃរៀបការ កូនកំលោះមានអាការក្ដៅខ្លួនខ្លាំង ធ្វើឱ្យសាច់ញាតិក្នុងគ្រួសារមានការព្រួយបារម្ភ ព្រមទាំងបាន “បួងសួងសូមឱ្យCOVID-19 បរវាសចៀសឆ្ងាយ”។ ញាតិម្នាក់បាននិយាយថា “គាត់នៅតែធ្វើកិច្ចទាំងអស់ក្នុងពិធីអាពាហ៍ពិពាហ៍ ក្រោយពីបានលេបថ្នាំប៉ារ៉ា”។
Chiranjeev Pandey ដែលជាមន្ត្រីម្នាក់នៅមូលដ្ឋានបានឱ្យដឹងថា អាជ្ញាធរបានដាក់បម្រាមគោចរតំបន់មួយចំនួននៅ Paliganj, Meetha Kuan និង Khagari។
គិតមកដល់បច្ចុប្បន្ន ពិភពលោកទាំងមូលមានអ្នកឆ្លងវីរុសCOVID-19 សរុប 10,777,769នាក់ ខណៈដែលអ្នកស្លាប់ដោយសារវីរុសនេះបានកើនឡើងដល់517,810នាក់។ ឥណ្ឌាគឺជាសម្បុកមេរោគCOVID-19 ធំជាងគេលំដាប់ទី4ក្នុងពិភពលោក និងធំជាងគេបង្អស់នៅទ្វីបអាស៊ី ដោយមានអ្នកជំងឺជាង600,000នាក់ និងអ្នកស្លាប់ដោយសារវីរុសនេះ មានចំនួនជាង 17,800នាក់៕
ប្រភព៖ សារព័ត៌មានបរទេស