ក្រសូងសុខាភិបាល នៃកម្ពុជា ទើបតែបានប្រកាសនៅមុននេះបន្តិចថា ប្រទេសយើងបានរកឃើញករណីឆ្លងជំងឺ Covid-19 ថ្មី ចំនួន 9នាក់ ខណៈនៅថ្ងៃដដែលនេះមានអ្នកជាសះស្បើយឡើងវិញម្នាក់។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមម៉ោង 7ព្រឹក ថ្ងៃទី 27 ខែមិថុនា ឆ្នាំ2020 នេះ ស្ថានភាពជំងឹ Covid-19 នៅកម្ពុជា មានចំនួនអ្នកជាសះស្បើយ 129នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ចំនួន 10នាក់។ ជារួមអ្នកដែលរកឃើញថាមានផ្ទុកជំងឺ Covid-19 ទាំងអស់ទូទាំងប្រទេសសរុបចំនួន 139នាក់។
ចំពោះករណីអ្នកផ្ទុកថ្មីចំនួន 9នាក់ថ្មីនេះ គឺសុទ្ធតែជាអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ដោយក្នុងជើងហោះហើរនេះមានអ្នកដំណើរសរុបចំនួន 40នាក់ ដែលក្នុងចំណោមនោះមានអ្នកដំណើរជនជាតិខ្មែរចំនួន 24នាក់ និងអ្នកដំណើរជនជាតិវៀតណាមម្នាក់ រួមទាំងអ្នកដំណើរជនជាតិឥណ្ឌូណេស៊ីចំនួន24នាក់។
អ្នកទាំងអស់នោះកំពុងស្ថិតក្រោមការតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ៕