“អង្គការសុខភាពពិភពលោក” បានរកឃើញថ្នាំដែលអាចកាត់បន្ថយអត្រាការស្លាប់របស់អ្នកជំងឺកូវីដ-19បាន និងសូមអង្វរ កុំស្តុកថ្នាំប្រភេទនេះទុក ដើម្បីលក់យកចំណេញ តែយ៉ាងណាក្ដី ផេច “Drama-addict” បានឱ្យដឹងថា បញ្ហាខ្វះខាតថ្នាំប្រភេទនេះ អាចមិនកើតមានឡើងទេ ក្រោយពីរកឃើញថា មានលក់នៅគ្រប់ប្រទេសទូទាំងពិភពលោក។
ថ្ងៃទី24 មិថុនា ម្សិលមិញ ផេច “World Health Oganization(WHO)” របស់អង្គការសុខភាពពិភពលោក បានចេញមកបង្ហើបឱ្យដឹងថា ក្រោយពីរកឃើញថា ថ្នាំ “dexamethasone” អាចកាត់បន្ថយអត្រាការស្លាប់របស់អ្នកជំងឺវីរុសកូវីដ-19 បាននោះ ទើបសូមអំពាវនាវ កុំឱ្យមានការស្តុកទុកថ្នាំប្រភេទនេះ ដើម្បីទុកលក់យកចំណេញ។
បន្ទាប់មក ផេច“Drama-addict” បានចេញមកផូស្តសំណេរមួយ តាមក្រោយអង្គការសុខភាពពិភពលោកថា ថ្នាំ“dexamethasone” អាចកាត់បន្ថយអត្រាការស្លាប់របស់ឆ្នកឆ្លងមេរោគកូវីដ-19 បានពិតប្រាកដមែន ហើយគ្រូពេទ្យទូទាំងពិភពលោក កំពុងតែយកថ្នាំមួយនេះ មកប្រើរួមគ្នាក្នុងការព្យាបាលអ្នកជំងឺ ព្រមទាំងបានដាស់តឿនទៀតផងថា សូមកុំទិញថ្នាំប្រភេទនេះយកមកស្តុកទុក។
ផេច“Drama-addict” បានបន្ថែមទៀតថា បញ្ហាការស្តុកថ្នាំប្រភេទនេះ អាចនឹងមិនកើតមានទេ ដោយសារតែថ្នាំប្រភេទនេះមានលក់នៅទូទាំងពិភពលោក តាំងពីហាងលក់ថ្នាំធម្មតា រហូតដល់ឱសថស្ថានធំៗ និងថែមទាំងបានព្រមានទៀតផងថា មិនគួរទិញថ្នាំប្រភេទនេះមកទទួលទានដោយខ្លួនឯងទេ ព្រោះវាមានផលប៉ះពាល់ច្រើនណាស់ គួរតែស្ថិតក្នុងការមើលថែទាំរបស់គ្រូពេទ្យ ហើយបើសិនជាទិញយកមកប្រើខ្លួនឯង អាចនឹងមានគ្រោះថ្នាក់ដល់ជីវិតបាន៕
ប្រភព៖ សារព័ត៌មានបរទេស