ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឱ្យដឹងថា បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន1នាក់ទៀតនៅក្នុងថ្ងៃនេះ។
យោងតាមទំព័រ Facebook របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) និងគេហទំព័ររបស់ក្រសួងសុខាភិបាលកម្ពុជា ព្រឹកនេះ (18មិថុនា2020) បានឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន1នាក់ទៀត ដែលនេះបានធ្វើឱ្យតួលេខសរុបនៃអ្នកជំងឺCOVID-19 ដែលបានរកឃើញនៅកម្ពុជា កើនឡើងដល់129នាក់។
អ្នកជំងឺថ្មីនេះគឺជា ជនជាតិខ្មែរត្រលប់មកពីប្រទេសម៉ាឡេស៊ី ដែលនេះគឺជាករណីនាំចូល។ បច្ចុប្បន្ន អ្នកជំងឺថ្មីនេះ រួមនឹងអ្នកជំងឺ2នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅរាជធានីភ្នំពេញ។
បច្ចុប្បន្ន កម្ពុជាមានអ្នកជំងឺCOVID-19 ដែលកំពុងទទួលការព្យាបាល ចំនួន3នាក់ អ្នកដែលបានជាសះស្បើយមានចំនួន126នាក់។ កម្ពុជាមិនទាន់មានករណីស្លាប់ដោយសារCOVID-19នេះនៅឡើយ។
កម្ពុជាបានរកឃេីញករណីផ្ទុកវីរុសCOVID-19ដំបូងបំផុតនៅថ្ងៃទី27 ខែមករា ឆ្នាំ2020។ កម្ពុជាបានធ្វេីតេស្តរកវីរុសCOVID-19 ចំនួន29,248លើក ដែលស្មេីនឹង1,761នាក់ ក្នុង1លាននាក់។