អង្គការសុខភាពពិភពលោកយល់ថា ចំនួនអ្នកឆ្លងវីរុសCOVID-19 នៅក្នុងរដ្ឋធានីប៉េកាំងនៃប្រទេសចិន កំពុងកើនឡើងសាជាថ្មី ក្រោយរយៈពេលជិត2ខែមកនេះ គឺពិតជាគួរឱ្យព្រួយបារម្ភ និងត្រូវតែចាត់វិធានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី15ម្សិលមិញ នាយកកម្មវិធីបន្ទាន់របស់ WHO លោក Mike Ryan ថ្លែងថា “នៅប្រទេសចិន ក្រោយរយៈពេលជាង50ថ្ងៃ ហាក់មិនមានករណីឆ្លងវីរុសណាមួយកើតឡើង ដូច្នេះករណីឆ្លងតាមក្រុមបែបនេះគឺជាបញ្ហាគួរឱ្យព្រួយបារម្ភដែលត្រូវការការស្រាវជ្រាវ និងគ្រប់គ្រងជាបន្ទាន់”។
លោក Mike Ryan បន្តថា “ដូចដែលយើងធ្លាប់បានឃើញកន្លងមក ការបង្ហាញវត្តមានរបស់សម្បុកមេរោគថ្មី ពិសេសគឺករណីដែលមិនមានប្រភពច្បាស់លាស់ តែងតែជាបញ្ហាគួរព្រួយបារម្ភ។ ប៉ុន្តែ ប្រការដែលយើងចង់ឃើញនោះគឺការដោះស្រាយជាបន្ទាន់ និងចាត់វិធានការគ្រប់បែបយ៉ាង”។
ទាក់ទិននឹងព័ត៌មានពីមន្ត្រីចិនដែលយល់ថា សម្បុកមេរោគផ្ទុះឡើងនៅទីក្រុងប៉េកាំងបច្ចុប្បន្នមានប្រភពពីផ្នែកនាំចូលត្រីសាលម៉ុង លោក Ryan ថ្លែងថា មិនទាន់ប្រាកដនៅឡើង ហើយត្រូវស្រាវជ្រាវបន្ថែម។
លោក Ryan សង្កត់ធ្ងន់ថា WHO កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើសម្បុកមេរោគថ្មីនៅប៉េកាំង និងត្រៀមខ្លួនជាស្រេចក្នុងការជួយផ្នែកបច្ចេកទេស និងសហការជាមួយមន្ត្រីចិនដើម្បីគ្រប់គ្រងស្ថានការណ៍។
មតិខាងលើនេះត្រូវបានធ្វើឡើងក្នុងគ្រាដែលចំនួនអ្នកឆ្លងវីរុសCOVID-19 នៅទីក្រុងប៉េកាំងបានកើនឡើង79ករណីបន្ថែមទៀតក្នុងរយៈពេលត្រឹមតែ4ថ្ងៃ បន្ទាប់ពីរយៈពេល2ខែដែលស្ទើរមិនមានករណីឆ្លងណាមួយកើតឡើង។
ករណីឆ្លងមេរោគថ្មីនេះ ស្ទើរតែទាំងអស់ត្រូវបានគេជឿថា មានជាប់ទាក់ទងនឹងផ្សារលក់ដុំ Xinfadi នៅរដ្ឋធានីប៉េកាំង។ តំណាំងភាគីគ្រប់គ្រងផ្សារនេះឱ្យដឹងថា តាមការធ្វើតេស្ត វីរុសCOVID-19 ហាក់បានឆ្លងពីតូបលក់ត្រីសាលម៉ុងនាំចូលពីបរទេសមួយកន្លែងនៅក្នុងផ្សារនេះ។
អាជ្ញាធរទីក្រុងប៉េកាំងបានស្នើឱ្យបិទផ្សារខាងលើ រួមជាមួយនឹងផ្សារមួយចំនួនដែលនៅក្បែរខាង ព្រមទាំងដាក់បម្រាមគោចរលើទីប្រជុំជនដែលនៅជុំវិញតំបន់ផ្សារទាំងនោះ និងអនុវត្តយន្តការសម័យសង្គ្រាមដើម្បីទប់ស្កាត់វីរុសឆ្លងរាលដាលក្នុងបំណងមិនឱ្យរដ្ឋធានីប៉េកាំងក្លាយជា “Wuhan ទីពីរ”។
COVID-19 បានចាប់ផ្ដើមផ្ទុះឆ្លងចេញពីផ្សារត្រីនិងសត្វព្រៃមួយកន្លែងក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិនកាលពីចុងឆ្នាំ2019។ បច្ចុប្បន្ន វីរុសនេះបានសម្លាប់មនុស្ស 438,408នាក់ ក្នុងចំណោមអ្នកជំងឺជាង 8,103,335លាននាក់នៅទូទាំងពិភពលោក។ ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ ចំនួនអ្នកស្លាប់ដោយសារវីរុសCOVID-19 នេះ មានចំនួន 3,267នាក់ និងអ្នកឆ្លងវីរុសមានចំនួន122,268នាក់៕
ប្រភព៖ សារព័ត៌មានបរទេស