ក្រុមទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍(ទី13មិថុនា) ថា តំបន់ ហ្វឹងថៃ របស់ទីក្រុងប៉េកាំង បានប្រកាស “ស្ថានការណ៍អាសន្នសភាវសង្គ្រាម” ក្រោយពីរកឃើញអ្នកឆ្លងមេរោគវីរុសកូវីដ-19 មកពីផ្សារចំនួនច្រើននាក់។
របាយការណ៍បញ្ជាក់ថា ការឆ្លងរាលដាលរលកថ្មីនេះ កើតឡើងនៅក្នុងបរិវេណផ្សារស៊ីនហ្វាទី(Xinfadi) ក្នុងតំបន់ហ្វឹងថៃ ដោយតាមរយៈការប្រមូលយកសំណាកដោយការកៀរកំពង់ក (Throat swab) ពីអ្នកដែលមានភាពជិតស្និទ្ធនឹងផ្សារចំនួន 517នាក់ បានរកឃើញថា មានអ្នកឆ្លងមេរោគវីរុសកំណាចនេះដោយមិនបង្ហាញអាការចំនួន 45នាក់។
កាលពីពេលមុនហ្នឹង នៅថ្ងៃសុក្រ(ទី12មិថុនា) ចិនបានរកឃើញអ្នកឆ្លងមេរោគកូវីដ-19ថ្មី រួមទាំងអស់ 11នាក់ ដោយមាន 6នាក់ ស្នាក់អាស្រ័យនៅក្នុងទីក្រុងប៉េកាំង និង 5នាក់ទៀត ជាអ្នកជំងឺដែលធ្វើដំណើរមកពីក្រៅប្រទេស។
អ្នកនាំពាក្យរបស់មហាទីក្រុងប៉េកាំងបានថ្លែងថា អ្នកជំងឺថ្មី 6នាក់ ដែលបានទទួលការអះអាងថា មានការឆ្លងមេរោគមែនកាលពីថ្ងៃសុក្រនោះ សុទ្ធតែមានប្រវត្តិធ្លាប់ធ្វើដំណើរទៅផ្សារមួយនោះទាំងអស់។ ទីក្រុងប៉េកាំង បានប្រកាសប្រើវិធានការ ហាមធ្វើដំណើរឆ្លងទីក្រុង និងដាក់បញ្ជាឱ្យផ្អាកកិច្ចការងារខាងការប្រកួតកីឡាគ្រប់ប្រភេទ។
រដ្ឋបាលក្រុងប៉េកាំង បានបញ្ជាឱ្យបិទផ្សារស៊ីនហ្វាទី រួមទាំងផ្សារបោះដុំទំនិញផ្សេងៗទៀត ក្នុងទីក្រុងនេះរួចហើយ ក្រៅពីនេះ រដ្ឋបាលតំបន់ហ្វឹងថៃ បានបញ្ជាឱ្យបិទព្រំដែនរវាងតំបន់ទីប្រជុំជន 11កន្លែងដែលនៅជិតផ្សរស៊ីនហ្វទីនេះភ្លាមៗផងដែរ។
សូភើរម៉ារខេត ក្នុងទីក្រុងប៉េកាំង បានយកត្រីសាល់ម៉ុនចេញពីទូថ្នាក់ដាក់បង្ហាញទំនិញ ក្រោយពីមានរបាយការណ៍ថា រកឃើញមេរោគវីរុស នៅលើជ្រញ់ដែលប្រើសម្រាប់ធ្វើត្រីសាល់ម៉ុនក្នុងផ្សារស៊ីនហ្វាទី។
អាជ្ញាធរក្រុងប៉េកាំង មានបញ្ជាឱ្យអ្នកនៅក្នុងផ្សារជាង 10,000នាក់ ចូលមកទទួលការពិនិត្យដើម្បីរកមេរោគកូវីដ-19 ខណៈពេលជាមួយគ្នា ក៏បានលុបចោលផែនការដែលបម្រុងនឹងឱ្យសិស្សថ្នាក់បឋមសិក្សាឆ្នាំទី1-3 ចូលរៀននៅថ្ងៃចន្ទ(ទី15មិថុនា)ស្អែកនេះផងដែរ។
ការឆ្លងរាលដាលរលកទី2 របស់មេរោគកូវីដ-19 បានចាប់ផ្ដើមក្លាយជាក្ដីវិតក្កកង្វល់ខ្លាំងឡើងជារឿយៗ បើទោះជាប្រទេសជាច្រើន មើលទៅហាក់ដូចជាអាចទប់ស្កាត់ការឆ្លងសាយភាយរបស់មេរោគនេះបានហើយក៏ដោយ។
លោគ ផាំង ស៊ឹងហួ មន្ត្រីទីស្នាក់ការគ្រប់គ្រងជំងឺ ប្រចាំក្រុងប៉េកាំង បានបញ្ជាក់ថា “ការវិនិច្ឆ័យ
រយៈដំបូង បានបង្ហាញថា ការឆ្លងមេរោគ បណ្ដាលមកពីការប៉ះពាល់សភាពបរិស្ថានជុំវិញនៅក្នុងផ្សារ ឬមិនទេ ក៏ឆ្លងមេរោគតាមរយៈការនៅជិតស្និទ្ធនឹងអ្នកដែលឆ្លងមេរោគ…យើងនៅមិនទាន់អាចប៉ាន់ស្មានពីផលប៉ះពាល់ដែលនឹងកើតឡើងនាពេលអនាគតបាននៅឡើយទេ”៕
ប្រភព៖ សាព័ត៌មានបរទេស