លោកស្រី Olena ភរិយារបស់ប្រធានាធិបតីអ៊ុយក្រែន Zelenskiy កាលពីម្សិលមិញបានប្រាប់ឱ្យដឹងអំពីលទ្ធផលវិជ្ជមានជាមួយនឹងវីរុសCOVID-19 ដែលលោកស្រីទទួលបានក្រោយពីការធ្វើតេស្ត ប៉ុន្តែស្វាមីនិងកូនៗរបស់លោកស្រីទទួលបានលទ្ធផលអវិជ្ជមានជាមួយនឹងមេរោគនេះ។
“ថ្ងៃនេះខ្ញុំបានទទួលលទ្ធផលធ្វើតេស្តវិជ្ជមានជាមួយនឹង COVID-19។ ជាដំណឹងដែលខ្ញុំមិនបានរំពឹងទុកទាល់តែសោះ។ ពិសេសគឺនៅពេលដែលខ្ញុំនិងគ្រួសារតែងតែគោរពគោលការទាក់ទិននឹងការពាក់ម៉ាស់ ពាក់ស្រោមដៃ និងកាត់បន្ថយការទាក់ទងផ្ទាល់” លោកស្រី Olena Zelenska ភរិយារបស់ប្រធានាធិបតីអ៊ុយក្រែន សរសេរបែបនេះនៅលើ Facebook។
លោកស្រី Olena បានឱ្យដឹងថា លោកស្រីនៅមានសុខភាពល្អ និងមិនបាច់ចូលពេទ្យ ប៉ុន្តែបានរក្សាគម្លាតជាមួយនឹងគ្រួសារទាំងមូល។
សូមរំឭកថា កន្លងមកក៏មានមន្ត្រីជាន់ខ្ពស់របស់បណ្ដាប្រទេសជាច្រើនបានឆ្លងវីរុសCOVID-19នេះ ក្នុងនោះមានដូចជា នាយករដ្ឋមន្ត្រីអង់គ្លេស (Boris Johnson) អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ (Eshaq Jahangiri) និងឧបនាយករដ្ឋមន្ត្រីអេស្ប៉ាញ (Carmen Calvo) ចំណែកលោកស្រី Sophie Gregoire ដែលជាភរិយារបស់ប្រធានាធិបតីកាណាដាក៏ត្រូវបានបញ្ជាក់ថាបានឆ្លងវីរុសនេះដែរ។ ក្រៅពីនេះនៅមានរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃប្រទេសជាច្រើនផ្សេងទៀតក៏ធ្លាប់បានឆ្លង COVID-19។
ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមបន្ធូរបន្ថយការរឹតត្បិតនានាទាក់ទងនឹង COVID-19 ចាប់ពីចុងខែឧសភា ក្នុងនោះក៏បានអនុញ្ញាតឱ្យមានការប្រកួតបាល់ទាត់ឡើងវិញផងដែរ។ ចំណែកបណ្ដាញរថភ្លើងក្រោមដីនៅក្នុងរដ្ឋធានី Kiev ក៏បានដំណើរការឡើងវិញក្រោយពីបានផ្អាកអស់រយៈពេល2ខែដោយសារវិបត្តិសុខភាព។
COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេសនិងដែនដីចំនួន221ក្នុងពិភពលោក បណ្ដាលឱ្យមនុស្សជាង7.7លាននាក់បានឆ្លងវីរុស និងជាង428,000នាក់បានស្លាប់។ ប្រទេសអ៊ុយក្រែន បច្ចុប្បន្នមានអ្នកជំងឺCOVID-19 ជិត 30,000នាក់ និងជាង870នាក់បានស្លាប់ដោយសារវីរុសនេះ៕
ប្រភព៖ សារព័ត៌មានបរទេស