អង្គការសុខភាពពិភពលោក បានចេញមកបញ្ជាក់ថា តួលេខអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី បានហក់ឡើងខ្លាំងបំផុតដល់ទៅជាង 136,000នាក់ កាលពីថ្ងៃអាទិត្យ(ទី7 មិថុនា)កន្លងទៅ ដែលតួលេខនេះ គឺជាការកើនឡើងរបស់អ្នកជំងឺដែលច្រើនបំផុតក្នុង 1ថ្ងៃ និងបានបង្ហាញឱ្យដឹងថា ការឆ្លងរាលដាលដ៏ធំរបស់វីរុសកូវីដ-19 កំពុងកាន់តែអាក្រក់ខ្លាំងឡើង ទូទាំងពិភពលោក។
លោក ថេដ្រូស អាត់ហាណូម គីប្រ៊ីយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បានថ្លែងថា រាប់មកដល់ខណៈពេលនេះ ការឆ្លងរាលដាលដ៏ធំមួយនេះ បានស៊ីពេលវេលាអស់ជាង 6ខែហើយ តែនេះ មិនទាន់ជាពេលវេលាសម្រាប់ប្រទេសណាមួយ គិតចង់បន្ធូរបន្ថយការប្រុងប្រយ័ត្ននោះឡើយ ដូច្នេះ ទើបយើងស្នើសុំឱ្យប្រទេសទាំងអស់ ចូរនៅតែព្យាយាមដំណើរការវិធានការក្នុងការគ្រប់គ្រងការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មីនេះជាបន្តទៅទៀត។
លោក គីប្រ៊ីយេស៊ុស បានថ្លែងទៀតថា តាមរយៈចំនួនអ្នកឆ្លងមេរោគថ្មីទូទាំងពិភពលោកដែលហក់ឡើងច្រើនដល់ចំនួនជាង 136,000នាក់ កាលពីថ្ងៃអាទិត្យកន្លងទៅនោះ មានជិត 75% មកពី 10ប្រទេស ដែលភាគច្រើនស្ថិតនៅក្នុងទ្វីបអាមេរិក និងអាស៊ីខាងត្បូង។
ចំណែកលោក ម៉ៃក៍ រ៉ៃអាន់ ប្រធានផ្នែកស្ថានការណ៍អាសន្នរបស់អង្គការសុខភាពពិភពលោក បានថ្លែងថា ការសិក្សាស្រាវជ្រាវបកក្រោយ ពាក់ព័ន្ធនឹងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 ជារឿងដែលយើងអាចរង់ចាំបាន តែអ្វីដែលយើងចាំបាច់ត្រូវផ្ដល់ចំណាប់អារម្មណ៍នាពេលបច្ចុប្បន្ននេះគឺ តើយើងត្រូវធ្វើយ៉ាងណានៅថ្ងៃនេះ ដើម្បីការពារមិនឱ្យមានការឆ្លងរាលដាល រលកទី2។
លោក រ៉ៃអាន់ បានបន្តថា ស្ថានការណ៍ឆ្លងមេរោគនៅក្នុងអាមេរិកកណ្ដាល នៅតែកើនឡើងឥតឈប់ឈរ និងមានភាពស្មុគស្មាញនៃការចម្លងទៀតផង។ ខណៈនេះ គឺជាអំឡុងពេលដែលគួរឱ្យព្រួយកង្វល់បំផុត និងទាមទារឱ្យរដ្ឋបាលនៃប្រទេសនីមួយៗ ត្រូវបង្ហាញពីភាពជាអ្នកដឹកនាំដែលរឹងមាំម៉ឺងម៉ាត់ ព្រមទាំងសំណូមពរសុំការគាំទ្រពីសហគមន៍អន្តរជាតិដល់ប្រទេសក្នុងទ្វីបអាមេរិកកណ្ដាលផងដែរ។
លោកស្រី ម៉ារៀ វែន ឃើរខហ្វ អ្នកជំនាញខាងជំងឺរាតត្បាត របស់អង្គការសុខភាពពិភពលោក បានថ្លែងថា ចាំបាច់ត្រូវតែមានការចាត់ការចំពោះស្ថានការណ៍នៅក្នុងអាមេរិកកណ្ដាល ដោយវិធានការដែលគ្រប់គ្រងបែបទូលំទូលាយ ព្រមទាំងបញ្ជាក់ថា ការឆ្លងរាតត្បាតរបស់វីរុសកូរ៉ូណាប្រភេទថ្មីនេះ ស្ថិតនៅឆ្ងាយណាស់ពីពាក្យថា “ចប់”។
លោកស្រី វែន ឃើរខហ្វ បានបន្តទៀតថា ប្រទេសជាច្រើនបានធ្វើការតាមដានរាល់បុគ្គលទាំងអស់ ដើម្បីបញ្ជាក់ពីអ្នកជំងឺដែលមិនបង្ហាញអាការរោគ តែបែរជារកមិនឃើញថា មនុស្សទាំងអស់នោះ ជាមូលហេតុបណ្ដាលឱ្យមានការឆ្លងរាលដាលរបស់មេរោគបន្ថែមទៅវិញ នេះគឺជារឿងដែលពិបាកនឹងរកឃើញ៕
ប្រភព៖ សារព័ត៌មានបរទេស