ពិភពលោកទាំងមូល មានមនុស្សជិត7.2លាននាក់បានឆ្លងមេរោគCOVID-19 និងអ្នកជំងឺជាង408,000នាក់បានបាត់បង់ជីវិត ខណៈដែលស្ថានភាពCOVID-19 នៅអឺរ៉ុប មានភាពល្អប្រសើរឡើងវិញខ្លះហើយ។
ប្រទេសនិងដែនដីចំនួន213ក្នុងពិភពលោកត្រូវបានរាយការណ៍ថាបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុប7,183,907នាក់ និងអ្នកស្លាប់ដោយសារវីរុសនេះមានចំនួន408,028នាក់ ក្នុងនោះមានអ្នកជំងឺថ្មី105,010នាក់ និងអ្នកស្លាប់ថ្មី3,053នាក់បើធៀបនឹងម្សិលមិញ។ ចំណែកអ្នកជំងឺដែលបានជាសះស្បើយមានចំនួន3,506,725នាក់។ ប្រធានអង្គការសុខភាពពិភពលោក បានឱ្យដឹងថា ស្ថានភាពCOVID-19 នៅអឺរ៉ុបបានល្អប្រសើរជាងមុន ប៉ុន្តែសម្រាប់ពិភពលោកទាំងមូលវិញ កំពុងតែអាក្រក់ឡើងៗដដែល។
ទ្វីបអាមេរិកមានអ្នកឆ្លងវីរុសCOVID-19 សរុប3,478,485នាក់ ក្នុងនោះតំបន់អាមេរិកខាងជើងមាន2,302,305នាក់ និងអាមេរិកខាងត្បូងមាន1,176,180នាក់។ ទ្វីបអឺរ៉ុបមានអ្នកជំងឺ2,109,178នាក់ ខណៈទ្វីបអាស៊ីមាន1,392,482នាក់ និងទ្វីបអាហ្វ្រិកមាន198,938នាក់។
ប្រទេសដែលបានរកឃើញអ្នកជំងឺលើសពី100,000នាក់ មានចំនួន16ប្រទេស រួមមានសហរដ្ឋអាមេរិក ប្រេស៊ីល រុស្ស៊ី អេស្ប៉ាញ អង់គ្លេស ឥណ្ឌា អ៊ីតាលី ប៉េរូ អាល្លឺម៉ង់ អ៊ីរ៉ង់ ទួរគី បារាំង ឈីលី ម៉ិកស៊ិក អារ៉ាប់ប៊ីសាអ៊ូឌីត និងប្រទេសប៉ាគីស្ថាន។
សហរដ្ឋអាមេរិកជាសម្បុកមេរោគCOVID-19 ធំជាងគេក្នុងពិភពលោក ដោយមានអ្នកឆ្លងវីរុសនេះសរុប 2,025,441នាក់ និងអ្នកស្លាប់សរុប113,049នាក់។ អ្នកជំងឺកើន18,474នាក់ និងអ្នកស្លាប់កើន103នាក់បើធៀបនឹងម្សិលមិញ។ អ្នកជំងឺដែលបានជាសះស្បើយ មានចំនួន 771,935នាក់។
ប្រទេសប្រេស៊ីលមានអ្នកជំងឺសរុប710,887នាក់ និងអ្នកស្លាប់37,312នាក់។ ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ ប្រេស៊ីលបានរកឃើញអ្នកឆ្លងវីរុសសរុប18,925នាក់ និងអ្នកស្លាប់813នាក់។ អ្នកជំងឺបានជាសះស្បើយមានចំនួន325,602នាក់។
ចំណែកប្រទេសរុស្ស៊ីវិញ មានអ្នកឆ្លងវីរុសសរុប476,658នាក់ និងអ្នកស្លាប់សរុប5,971នាក់ ក្នុងនោះមានអ្នកជំងឺថ្មីចំនួន8,985នាក់ និងអ្នកស្លាប់ថ្មី112នាក់។ ចំណែកអ្នកជំងឺដែលបានជាសះស្បើយមានចំនួន230,688នាក់។