ពិភពលោកទាំងមូលមានអ្នកស្លាប់ជិត405,000នាក់ ក្នុងចំណោមអ្នកជំងឺ COVID-19 ជិត7.1លាននាក់ ខណៈវីរុសកំពុងវាយលុយខ្លាំងនៅទ្វីបអាមេរិកខាងត្បូង។
ប្រទេសនិងដែនដីចំនួន213ត្រូវបានរាយការណ៍ថា បានរកឃើញអ្នកជំងឺ 7,078,897នាក់ និងអ្នកស្លាប់ 404,975នាក់ ដោយសារវីរុសCOVID-19 ក្នុងនោះអ្នកជំងឺកើន130,097នាក់ និងអ្នកស្លាប់កើន3,926នាក់បើធៀបនឹងម្សិលមិញ។ អ្នកជំងឺចំនួន 3,453,287នាក់បានជាសះស្បើយ។
ទ្វីបអាមេរិកមានអ្នកជំងឺCOVID-19 សរុបឡើងដល់3,425,529នាក់ ខណៈទ្វីបអឺរ៉ុបមាន2,094,324នាក់ អាស៊ីមាន1,361,249នាក់ និងអាហ្វ្រិកមាន192,118នាក់។
សហរដ្ឋអាមេរិកនៅតែជាសម្បុកមេរោគធំជាងគេក្នុងពិភពលោក ដោយមានអ្នកជំងឺCOVID-19 សរុប 2,006,967នាក់ និងអ្នកស្លាប់សរុប112,946នាក់ ក្នុងនោះមានអ្នកជំងឺថ្មី20,321នាក់ និងអ្នកស្លាប់ថ្មី891នាក់។
ប្រទេសប្រេស៊ីលមានអ្នកជំងឺសរុប691,962នាក់ និងអ្នកស្លាប់សរុប36,499នាក់ ក្នុងនោះមានអ្នកជំងឹថ្មី18,375នាក់ និងអ្នកស្លាប់ថ្មីមាន542នាក់ ធ្វើឱ្យប្រទេសនេះនៅតែជាសម្បុកមេរោគ COVID-19 ធំជាងគេលំដាប់ទី2 ក្នុងពិភពលោក។
ប្រទេសរុស្ស៊ី មានអ្នកជំងឺសរុប467,673នាក់ និងអ្នកស្លាប់សរុប 5,859នាក់។ អ្នកជំងឺកើន8,984នាក់ និងអ្នកស្លាប់កើន134នាក់ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ៕
ប្រភព៖ សារព័ត៌មានបរទេស