ក្រុមអ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យាដែលដឹកនាំដោយ អ្នកស្រីវិជ្ជបណ្ឌិត បេតទី លីវ នៃមហាវិទ្យាល័យ នីវ សៅវេលស៍ ក្នុងប្រទេស អូស្រ្តាលី ជាមួយលោក រិឆាដ ផេតូ សាស្រ្តាចារ្យ ពីមហាវិទ្យាល័យអក់ស្វ៉ដ ប្រទេសអង់គ្លេសបានផ្សព្វផ្សាយពីលទ្ធផលនៃការស្រាវជ្រាវថ្មីបំផុតមួយដែលបង្ហាញឱ្យឃើញថា ការធ្វើជាមនុស្សមានសេចក្តីសុខ ទោះវាជារឿងល្អមែន តែការមានសេចក្តីសុខមិនបានធ្វើឱ្យមនុស្សយើងអាយុកាន់តែវែងឡើងនោះទេ និងដូចគ្នានេះដែរ ការធ្វើជាមនុស្សគ្មានសេចក្តីសុខក៏មិនបានធ្វើឱ្យមនុស្សយើងឆាប់ស្លាប់ដូចគ្នាដែរ។
ការស្រាវជ្រាវនោះ គឺជាការប្រមូលព័ត៌មានពីទម្រង់សាកសួររបស់ក្រុមអ្នកចូលរួមស្រាវជ្រាវដែលជាស្រ្តីជនជាតិអង់គ្លេស ចំនួនច្រើនជាង 700,000 នាក់ អាយុជាមធ្យម 59 ឆ្នាំ ដោយក្រុមស្រាវជ្រាវបានសុំឱ្យអ្នកចូលរួុមស្រាវជ្រាវកំណត់កម្រឹតសេចក្តីសុខរបស់ខ្លួនឯង បន្ទាប់ពីនោះក៏នឹងតាមដានការវិវឌ្ឍន៍ទៅមុខរបស់ក្រុមអ្នកចូលរួមស្រាវជ្រាវទាំងអស់ក្នុងរយៈពេល 10 តទៅទៀត។
នៅពេលប្រមូលទម្រង់សាកសួរមកវិញបានបង្ហាញឱ្យឃើញថា 39 ភាគរយនៃក្រុមអ្នកចូលរួមស្រាវជ្រាវបានបញ្ជាក់ថា ខ្លួនជាមនុស្សដែលមានសេចក្តីសុខស្ទើរតែគ្រប់ពេលវេលា 44 ភាគរយប្រាប់ថា ជាទូទៅនោះខ្លួនច្រើនតែមានសេចក្តីសុខ និង 17 ភាគរយទៀតបញ្ជាក់ថា ជាប្រក្រតីខ្លួនច្រើនតែគ្មានសេចក្តីសុខទេ។
នៅពេលតាមដានលទ្ធផលក្រោយពេល 10 ឆ្នាំតមក ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ក្រុមអ្នកចូលរួមស្រាវជ្រាវដែលបញ្ជាក់ថា ជាប្រក្រតីគ្មានសេចក្តីសុខនោះមានសញ្ញាថានឹងស្លាប់ក្នុងអំឡុងពេល 10 ឆ្នាំ ច្រើនជាងក្រុមដែលប្រាប់ថា មានសេចក្តីសុខគ្រប់ពេលវេលាដល់ទៅ 29 ភាគរយ។
យ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវបានរកឃើញផងដែរថា សភាវសុខភាពទុរន់ទុរាបានបង្កឱ្យកើតអារម្មណ៍គ្មានសេចក្តីសុខលើក្រុមអ្នកចូលរួមស្រាវជ្រាវខាងដើមនោះ ក្រៅពីនោះនៅបានរកឃើញភាពទាក់ទិនយ៉ាងច្បាស់លាស់រវាងភាពគ្មានសេចក្តីសុខ ជាមួយទង្វើបំផ្លាញសុខភាព ដូចជា ជក់បារី ជាដើមទៀតផង ក្នុងខណៈដែលអ្នកដែលមានសេចក្តីសុខក៏មិនបានបង្ហាញឱ្យឃើញពីការមានអាយុកាន់តែវែងឡើងដែរ។
រីឆាដ ផេតូ បានសរុបថា ការមានសេចក្តីសុខ ឬគ្មាននោះ មិនបានហុចផលដោយត្រង់ចំពោះភាពលឿន ឬយឺតក្នុងការស្លាប់នោះឡើយ៕