ដឹងដែរឬទេថា ស្ពៃក្ដោបពណ៌ស្វាយ ឬមានឈ្មោះជាភាសាអង់គ្លេស Red cabbage ដែលមានពណ៌ស្វាយស្រស់ស្អាតទាក់ទាញគូរឱ្យចង់ទទួលទាននោះ មុននឹងបរិភោគអ្នកគួរតែដឹងអំពីវាឱ្យបានច្បាស់សិន ដូច្នោះនៅពេលអ្នកទទួលទានស្ពៃជាអាហារឆៅ ស្រស់ ដូចជាសាលាដ ឬញាំបន្លែជាដើមនោះ អ្នកគួរតែដឹងអំពីគុណប្រយោជន៍ល្អៗជាច្រើនរបស់ស្ពៃចំពោះរាងកាយអ្នក។ ថ្ងៃនេះគេហទំព័រ ឡារ៉េន បានពាំនាំនូវអត្ថប្រយោជន៍ល្អៗរបស់ស្ពៃក្ដោបស្វាយមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នា។
ដោយសារតែស្ពៃក្ដោបពណ៌ស្វាយ ជាបន្លែដែលមានកាកសរសៃអាហារក្នុងបរិមាណច្រើនគួរសម និងសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនប្រភេទ មិនថាតែប្រូតេអ៊ីន កាបូអ៊ីដ្រាត សូដ្យូម និងវីតាមីន C ផងនោះ ក្រៅពីការទទួលទានស្ពៃក្ដោបពណ៌ស្វាយយ៉ាងទៀងទាត់ហើយ នៅជួយកាត់បន្ថយឱកាសការកើតជំងឺមហារីកពោះវៀន និងជួយការពាររោគក្នុងប្រព័ន្ធរំលាយអាហារផ្សេងៗបានទៀតផងទៀត និងធ្វើឱ្យរាងកាយរបស់អ្នកមានសុខភាពល្អ។ ម៉្យាងទៀតវាក៏សម្បូរទៅដោយសារធាតុដែកដែលជាសារធាតុសំខាន់បំផុតក្នុងការជំរុញការបង្កើតកោសិកាឈាមនៅក្នុងរាងកាយរបស់មនុស្សយើងទៀតផង។
យ៉ាងណាក៏ដោយ ជារៀងរាល់ថ្ងៃយើងមិនគួរបរិភោគស្ពៃឆៅច្រើនជ្រុលពេកទេ ដោយសារវាមានផ្ទុកនូវសារធាតុម៉្យាងដែលមានឈ្មោះថា Goitrogen បណ្ដាលឱ្យសារធាតុនេះកើនលើសនៅក្នុងរាងកាយ ដែលបង្កឱ្យសារជាតិអ៊ីយ៉ូតទីរ៉ូអ៊ីតនៅក្នុងឈាមថយចុះ ក៏ប៉ុន្ដែអ្នកបរិភោគមិនចាំបាច់បារម្ភទេ ព្រោះសារធាតុនេះនឹងបាត់បង់ទាំងស្រុងនៅពេលស្ពៃក្ដោបត្រូវបានចម្អិនឆ្អិន៕