ជឿថា មនុស្សជាច្រើនអាចនឹងមានយ៉ាងតិចក៏ម្តងដែរដែលត្រូវលេបថ្នាំមុន ឬក្រោយពេលបាយ តែបែរជាភ្លេចលេប ឬភ្លេចយកថ្នាំមកជាមួយ អ្នកខ្លះអាចនឹងលេបនៅពេលនោះតែម្តង តែអ្នកខ្លះជ្រើសរើសរំលងចោលមួយពេលនោះតែម្តង ការពិតទៅ តើយើងគួរធ្វើយ៉ាងណា ហើយថ្នាំលេបមុន ឬក្រោយពេលបាយនោះ តើយើងគួរលេបពេលណាទើបបានលទ្ធផលល្អ? ចំពោះចម្ងល់នេះឡារ៉ែន មានចម្លើយមកជម្រាបជូន។
ថ្នាំមុនពេលបាយ
ថ្នាំមុនពេលបាយយើងគួរញ៉ាំមុនយ៉ាងតិចណាស់ក៏ 30 នាទីដែរ និងត្រូវញ៉ាំខណៈដែលពោះនៅទំនេរ គឺនៅមិនទាន់ញ៉ាំអ្វីក្នុងអំឡុងពេលនោះ ទាំងអស់នេះគឺដើម្បីឱ្យថ្នាំមិនត្រូវបំផ្លាញដោយទឹកអាស៊ីតក្នុងក្រពះ ក្រៅពីនេះបើញ៉ាំថ្នាំមុនពេលបាយក្នុងពេលបាយ ឬក្រោយពេលបាយនោះអាចធ្វើឱ្យថ្នាំបឺតជ្រាបចូលទៅក្នុងរាងកាយបានតិច ព្រោះប៉ះនឹងគ្រឿងផ្សំរបស់អាហារ ហើយថ្នាំប្រភេទខ្លះត្រូវការពេលវេលាប្រមាណជា 30 នាទីមុននឹងបញ្ចេញឬទ្ធិទៀតផង។
បើភ្លេចលេបថ្នាំមុនពេលបាយ គួរធ្វើយ៉ាងណា?
មិនគួរលេបដំណាលពេលបាយ ឬក្រោយពេលបាយនោះទេ គួររំលងថ្នាំមួយពេលនោះចោល ហើយចាំទៅលេបមុនពេលបាយបន្ទាប់ទៀតជំនួសវិញ ឬអាចនឹងលេបក្រោយពេលបាយ 2 ម៉ោងក៏បាន ដែលនៅពេលដល់ពេលអាហារបន្ទាប់ទៀតមិនបាច់លេបថ្នាំមុនពេលបាយនោះទៀតទេ (គឺញ៉ាំជំនួសថ្នាំមុនពេលបាយពេលបន្ទាប់ទៀតទៅបណ្តោយ)។
ថ្នាំក្រោយពេលបាយ
គួរញ៉ាំថ្នាំក្រោយពេលបាយហើយភ្លាម ឬមិនគួរលើស 15 នាទី ឡើយ ក្រៅពីនេះនៅអាចលេបដំណាលពេលបាយ ឬមុនពេលបាយ ឬមុនដួសបាយដាក់ចូលមាត់មួយម៉ាត់ដំបូងក៏បាន ព្រោះមិនថាយ៉ាងណានោះទេ គោលបំណងរបស់ថ្នាំញ៉ាំក្រោយពេលបាយគឺ ឱ្យថ្នាំចូលទៅនៅក្នុងក្រពះដំណាលគ្នាជាមួយអាហារហ្នឹងឯង ព្រោះថ្នាំលេបក្រោយពេលបាយអាចធ្វើឱ្យក្រហាយក្រពះបាន និងថ្នាំប្រភេទខ្លះអាចត្រូវការអាស៊ីតក្នុងក្រពះដើម្បីជួយបឺតជ្រាបជាតិថ្នាំចូលទៅក្នុងរាងកាយឱ្យបានកាន់តែល្អឡើង។
បើភ្លេចលេបថ្នាំក្រោយពេលបាយនោះ គួរធ្វើយ៉ាងណា?
បើស្ថិតក្នុងរយៈពេលមិនលើស 15 នាទី នៅអាចញ៉ាំតាមក្រោយបាន តែបើលើស 15 នាទីទៅហើយ គួរចាំលេបនៅពេលបាយបន្ទាប់ទៀតប្រសើរជាង ឬបើសិនជាថ្នាំដែលសំខាន់ខ្លាំង គួរទទួលទានអាហារអ្វីបន្តិច ហើយលេបថ្នាំក្រោយពេលបាយនោះជំនួសតែម្តង។
ថ្នាំញ៉ាំមុនពេលគេង
គួរលេបមុនពេលគេង 15 – 30 នាទី ព្រោះបើសិនជាលេបមុនពេលនោះយូរជ្រុលពេក អាចនឹងធ្វើឱ្យងងុយគេងដោយសាឥទ្ធិពលរបស់ថ្នាំ ប្រសិទ្ធភាពក្នុងការធ្វើការងារផ្សេងៗក៏នឹងថយចុះទៅតាមនោះដែរ គួរលេបពេលដែលប្រុងចូលគេងមែនទែនប៉ុណ្ណោះ។
បើភ្លេចលេបថ្នាំមុនពេលគេង តើគួរធ្វើយ៉ាងណា?
ភ្លេចហើយ ភ្លេចតែម្តងទៅ ចាំលេបម្តងទៀតនៅមុនពេលគេងរបស់យប់បន្ទាប់ទៀតតែម្តង មិនគួរលេបនៅពេលព្រឹករបស់ថ្ងៃបន្ទាប់ឡើយ។
ក្រៅពីនេះ សម្រាប់ថ្នាំដែលលេបចំពោះតែពេលកើតអាការ ដូចជា ប៉ារ៉ាសេតាម៉ុលដែលជួយបញ្ចុះកំដៅ ឈឺក្បាល អាចលេបបានតែម្តងនៅពេលកើតអាការហើយបើថ្នាំអស់ឥទ្ធិពល និងនៅតែមានអាការទៀតនោះ អាចលេបតទៀតបាន(តាមរយៈពេលដែលពេទ្យកំណត់) និងបញ្ឈប់ថ្នាំបានភ្លាមនៅពេលលែងមានអាការហើយ តែថ្នាំប្រភេទខ្លះមានវិធីលេបដែលខុសប្លែកពីថ្នាំទូទៅ គួរសាកសួរលោកគ្រូពេទ្យ ឬឱសថការីឱ្យបានច្បាស់ជាមុន៕