អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាត បានប្រាប់អ្នកសារអ្នកសារព័ត៌មានក្នុងស្រុកនាថ្ងៃទី30ឧសភានេះថា ទាហានមួកខៀវរបស់កម្ពុជាម្នាក់បានបាត់បង់ជីវិតនៅប្រទេសម៉ាលី(Mali) កាលពីថ្ងៃទី29ឧសភា ដោយសារតែបានឆ្លងវីរុសCOVID-19។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បញ្ជាក់ថា ទាហានអង្គការសហប្រជាជាតិដែលបានបាត់បង់ជីវិតនេះ មានឈ្មោះ ស សាវី ជាឧត្តមសេនីយ៍ទោ ដែលត្រូវបានបញ្ជូនទៅបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសម៉ាលី ក្នុងនាមជាទាហានអង្គការសហប្រជាជាតិ។
គិតមកដល់បច្ចុប្បន្ន កងកម្លាំងមួកខៀវរបស់កម្ពុជាប្រចាំប្រទេសម៉ាលីចំនួន3នាក់ហើយដែលបានឆ្លងវីរុសCOVID-19 ក្នុងនោះមាន2នាក់បានជាសះស្បើយ។
កម្ពុជាបានបញ្ជូនកងទ័ពរបស់ខ្លួនចំនួនជិត800នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិសុខនៅតាមបណ្ដាប្រទេសដែលកំពុងមានអស្ថិរភាព រួមមាន ប្រទេសស៊ូដង់ខាងត្បូង ប្រទេសលីបង់ សាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងប្រទេសម៉ាលី។ ក្នុងចំណោមទាហានខាងលើ មានស្ត្រីជិត80នាក់៕