មិនថាអ្នកមានរថយន្តផ្ទាល់ខ្លួន ឬអត់នោះទេ តែពេលណាក៏ដោយដែលអ្នកជិះនៅក្នុងឡាន អ្នកតែងតែឃិញមានដបទឹកនៅក្នុងឡានជានិច្ច មិនថាតែដបតូច ដបធំ ឬមានទឹកទាំងដបៗដែលជារង្វាន់បានមកពីពេលចាក់សាំងឡាននោះទេ ក្នុងអំឡុងពេលធ្វើដំណើរ បើស្រេកទឹកក៏នឹងស្រវារាវរកពីក្រោមកៅអីយកមកញ៉ាំ។ ការពិតទៅ តើទឹកពិសាដែលទុកចោលនៅក្នុងឡានបែបនេះ នឹងមានគ្រោះថ្នាក់ចំពោះសុខភាពដែរឬទេនោះ ឡារ៉ែនសូមនាំយកចម្លើយមកជម្រាបជូនមិត្តអ្នកអានដូចខាងក្រោម។
តើទឹកពិសាដែលទុកចោលនៅក្នុងឡាន មានគ្រោះថ្នាក់ចំពោះសុខភាពដែរឬទេ?
តាមរយៈជំនឿដែលថា ទឹកពិសាដែលទុកចោលនៅក្នុងរថយន្តនោះ ត្រូវចំហាយក្តៅដុត ឬត្រូវពន្លឺថ្ងៃចាំងចំ រហូតធ្វើឱ្យដបជ័រផ្លាស្ទិកឡើងក្តៅ រលាយលាយឡំជាមួយទឹកពិសាដែលនៅក្នុងនោះ ការពិតទៅបច្ច័យប្រថុយនឹងគ្រោះថ្នាក់បែបនេះក៏ត្រូវមកមើលថា តើវាមានតិចច្រើនប៉ុនណា ដូចជា ៈ
– សីតុណ្ហភាពកំដៅនៅក្នុងរថយន្តក្តៅខ្លាំង តិចប៉ុនណា?
– ដបទឹកពិសាផ្លាស្ទិក ជាដបជ័រផ្លាស្ទិកប្រភេទណា ធន់កំដៅបានខ្លាំងតិចប៉ុនណា?
តើដបទឹកពិសាបរិសុទ្ធក្នុងប្រទេសយើង ជាដបផ្លាស្ទិកប្រភេទណា?
ដបទឹកបរិសុទ្ធក្នុងប្រទេសយើងនេះ ការពិតទៅមានច្រើនប្រភេទណាស់ តែភាគច្រើនៗតែជាដប PET (ដបជ័រថ្លាៗ) ឬ PETE ដែលចាត់ទុកថាជាប្រភេទផ្លាស្ទិកលេខ 1 អាចការពារការជ្រាបចូលរបស់ហ្កាសផ្សេងៗបានយ៉ាងល្អ ទើបត្រូវបាននាំយកមកដាក់ទឹកពិសាបរិសុទ្ធ ទឹកភេសជ្ជៈផ្លែឈើផ្សេងៗ ប្រេងឆា ឬសូម្បីតែទឹកជ្រលក់ផ្សេងៗក៏បាន។ ដបទឹកពិសាបរិសុទ្ធប្រភេទ PET នេះអាចធន់នឹងកំដៅបានខ្ពស់ដល់ទៅ 60 – 95 អង្សាសេលសៀសឯណោះ។
បើដបផ្លាស្ទិកត្រូវនឹងកំដៅ តើវានឹងបញ្ចេញសារធាតុគ្រោះថ្នាក់ចេញមកលាយឡំជាមួយទឹកដែលនៅក្នុងដបដែរឬទេ?
នៅមិនទាន់មានការអះអាងច្បាស់លាស់នៅឡើយថា នឹងមានគ្រោះថ្នាក់ដូចដែលគេបាននិយាយនោះដែរឬក៏ឡើយ តែក្នុងករណីដែលយើងទុកដបទឹកពិសាបរិសុទ្ធចោលនៅក្នុងឡាននោះ នឹងគ្មានបញ្ហាអ្វីឡើយ ព្រោះសីតុណ្ហភាពនៅក្នុងរថយន្តនោះមិនដល់ 60 អង្សាសេលសៀសឡើយ។
តែយ៉ាងណាក៏ដោយ ទឹកពិសាបរិសុទ្ធនៅក្នុងដបជ័រផ្លាស្ទិកដែលយើងញ៉ាំរាលថ្ងៃនេះ ត្រូវបានផលិតឡើងជាដបដែលសម្រាប់ប្រើបានតែម្តង រួចបោះចោលប៉ុណ្ណោះ ដូច្នេះបើចង់ប្រើប្រាស់ម្តងទៀត គួរប្រយ័ត្នប្រយែងរឿងភាពស្អាត និងអនាម័យឱ្យបានល្អជាមុនសិន៕