មកដល់រដូវវស្សានេះ តំបន់ជាច្រើនក្នុងប្រទេសកម្ពុជាចាប់ផ្តើមមានទឹកដក់ និងក៏ជាពេលចាប់ផ្តើមកើតឡើងវិញនូវករណីជំងឺគ្រុនឈាមសម្រាប់កុមារផងដែរ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ជំងឺគ្រុនឈាមក្នុងអំឡុងពេល 19សប្តាហ៍ដើមឆ្នាំ 2020 នេះបានកើតឡើងចំនួន 2,172ករណី ដែលចំនួនករណីឈឺ នឹងអាចបន្តកើនឡើងនៅតាមភូមិ ឃុំ និងទីប្រជុំជននៃបណ្តាខេត្តនាពេលខាងមុខ។
ជំងឺនេះកើតឡើងលើមនុស្សគ្រប់វ័យ ហើយវាបង្កឡើងដោយសត្វមូសខ្លាញីខាំងបឺតឈាមចម្លងមេរោគគ្រុនឈាមពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ សត្វមូសខ្លាបង្កើតកូនក្នុងទឹកថ្លា ស្អាត និងចូលចិត្តរស់នៅជិតមនុស្ស ហើយវាហើរបានចម្ងាយមិនដល់ 150ម៉ែត្រទេជុំវិញកន្លែងវាកើត។
តាមការស្រាវជ្រាវផ្នែកបាណកសាស្ត្ររបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានឱ្យដឹងថាសត្វមូសខ្លាចូលចិត្តបង្កើតកូនចៅ នៅក្នុងសំបកកង់ឡាន និងសំបកម៉ូតូចាស់11ដង ច្រើនជាងវត្ថុសម្រាប់ប្រើប្រាស់ផ្សេង។ ការសិក្សារបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានឱ្យដឹងថា ជំងឺគ្រុនឈាមក្នុងរដូវវស្សាកើតឡើងច្រើនជាង 2ដង បើធៀបនឹងរដូវប្រាំង ហើយវាមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងកត្តាអាកាសធាតុដូចជាកម្តៅ ចំនួនទឹកក្លៀង និងសំណើម៕