សម័យនៅរៀនធ្លាប់មានមិត្តភ័ក្តិម្នាក់ដែលយើងមើលឃើញថាជាមនុស្សស្អាតគួរឱ្យស្រឡាញ់ សម្បុរស រូបរាងសមសួន និងរាងស្គមស្វែល ដោយជារួមមើលទៅដូចជាមនុស្សមានសុខភាពល្អ តែនៅឆមាសបន្ទាប់មក បែរជាឮដំណឹងថា នាងត្រូវផ្អាករៀនមួយរយៈសិន ដើម្បីទៅព្យាបាលជំងឺប្រចាំកាយរបស់នាង គឺជំងឺ “ទឹកនោមផ្អែម”។
ទើបធ្វើឱ្យយើងនឹកសង្ស័យឡើងថា អេ៎ រូបរាងក៏ល្អស្អាតយ៉ាងហ្នឹង តែហេតុអីបានកើតជំងឺទឹកនោមផ្អែម និងដល់ថ្នាក់ចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបែបនេះ? ធ្វើឱ្យគិតថា ប្រហែលជាយើងមានការយល់ខុសពីរឿងជំងឺទឹកនោមផ្អែមជាច្រើនរឿងមិនខាន ចុះអ្នកវិញ គិតថាស្គាល់ពីជំងឺទឹកនោមផ្អែមច្បាស់ប៉ុនណាដែរ?
ជំនឿខុសៗ 5 យ៉ាង ពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែមដែលអ្នកអាចមិនធ្លាប់ដឹង ៈ
1 – មានតែមនុស្សធាត់ប៉ុណ្ណោះដែលកើតជំងឺទឹកនោមផ្អែម
ដោយសារអ្វីដែលអ្នកយល់ថា ញ៉ាំផ្អែមខ្លាំងនឹងធ្វើឱ្យធាត់ ទើបមនុស្សធាត់កើតជំងឺទឹកនោមផ្អែម ដែលការគិតបែបនេះ មិនខុសទេ តែដែលខុសនោះគឺ មនុស្សស្គមក៏មានសិទ្ធិកើតរោគទឹកនោមផ្អែមបានដូចគ្នា គ្រាន់តែមានភាពប្រថុយប្រថានតិចជាងមនុស្សធាត់តែប៉ុណ្ណោះ។ ដូចករណីរបស់មិត្តភ័ក្តិយើងដែលបានរៀបរាប់ឱ្យស្តាប់កាលពីដំបូងហ្នឹងឯង មើលមួយភ្លែត មិនបានគិតឡើយថាកើតរោគទឹកនោមផ្អែម តែបើសង្កេតមើលពីនិស្ស័យការហូបចុករបស់គេដែលចូលចិត្តញ៉ាំទឹកភេសជ្ជៈកំប៉ុង ញ៉ាំទឹកផ្អែមៗជាប់ជាប្រចាំដែលទោះជារាងកាយមានប្រព័ន្ធដុតបំផ្លាញល្អរហូតរូបរាងមិនធាត់ឱ្យយើងឃើញមែន តែការពិតវិញកម្រឹតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ណាស់ រហូតកើតជំងឺទឹកនោមផ្អែមកម្រឹតធ្ងន់ធ្ងរនៅទីបំផុត។
2 – ញ៉ាំបន្លែផ្លែឈើមិនបានគ្រប់ប្រភេទ យ៉ាងណាក៏មិនធាត់ដែរ
ទោះជាយើងដឹងហើយថា បន្លែជាប្រភពរបស់សារធាតុរ៉ែ និងផ្លែឈើជាប្រភពរបស់វីតាមីនមានប្រយោជន៍ចំពោះរាងកាយមែន តែនៅមានបន្លែ និងផ្លែឈើជាច្រើនប្រភេទដែលមិនមែនមានត្រឹមតែសារធាតុ និងវីតាមីនប៉ុណ្ណោះទេ តែនៅមានជាតិស្ករ និងម្សៅខ្ពស់ណាស់ផងដែរ។
ផ្លែឈើមានជាតិស្ករខ្ពស់ដែលគួរចៀសវាង
– ទុរេន
– ស្វាយទុំ
– ចេកទុំ
– មៀន
– ខ្នុរ
– សាវម៉ាវ
– ល្មុត
– ដំណាប់ផ្លែឈើ និងផ្លែឈើចំហុយស្ងួតផ្សេងៗ
ផ្លែឈើមានជាតិផ្អែមតិចដេលទទួលទានបាន មិនខ្លាចកើតជំងឺទឹកនោម
– ជម្ពូ
– ស្រកានាគ
– ត្របែក
– ឃែនតាលូប
– ផ្លែប៉ោម
– សារ៊ី
– ស្រ្តប៊ើរី
– ឪឡឹក
3 – ម្សៅ និងស្ករពីរមុខគត់ដែលជាមូលហេតុរបស់រោគទឹកនោមផ្អែម
ការពិតទៅមូលហេតុចម្បងគឺបណ្តាលមកពីទាំងពីរយ៉ាងនេះមែន តែជាតិខ្លាញ់បង្កកខ្លួនដែលមានច្រើននៅក្នុងសាច់ក្រហម ដូចជាសាច់គោ ក្របី ចៀម និងសាច់សត្វកែច្នៃដូចជា សាច់ក្រក ហ៊ែម បូឡូណា បេខន ក៏ជាមូលហេតុរបស់ការកើតជំងឺទឹកនោមផ្អែមបានដូចគ្នា ព្រោះជាតិខ្លាញបង្កកខ្លួនពីសត្វធំៗនឹងចូលទៅទប់ស្កាត់ឱ្យអ៊ីនស៊ូលីនបញ្ចេញឬទ្ធិបានតិច ធ្វើឱ្យកម្រឹតជាតិស្ករក្នុងឈាមថយចុះយឺត ទើបថ្លើមត្រូវធ្វើការខ្លាំងឡើងដើម្បីផលិតអ៊ីនស៊ូលីនចេញមកច្រើនឡើង។ នៅពេលថ្លើមធ្វើការខ្លាំងឡើងជារឿយៗ និងចាប់ផ្តើមចុះខ្សោយសភាពរហូតផលិតអ៊ីនស៊ូលីនបានតិច ទើបជាមូលហេតុឱ្យជាតិស្ករនៅក្នុងឈាមមិនថយចុះ រហូតដល់កើតរោគទឹកនោមផ្អែមនៅទីបំផុត។
4 – ទឹកនោមផ្អែមជាជំងឺរបស់មនុស្សចាស់
ទោះវាជាការពិតដែលថា ភាគរយរបស់អ្នកជំងឺទឹកនោមផ្អែមគឺជាមនុស្សចាស់ច្រើនជាងក្មេងមែន តែយើងប្រហែលជាធ្លាប់ឃើញព័ត៌មានហើយថា មានក្មេងអាយុមិនដល់ 10 ឆ្នាំផងកើតជំងឺទឹកនោមផ្អែម ឬមនុស្សវ័យជំទង់ ក៏យើងធ្លាប់ឃើញរួចមកហើយ និងថែមទាំងឈឺធ្ងន់ទៀតផង នេះក៏ដោយសារតែក្មេងៗនៅមិនទាន់ចេះប្រយ័ត្នប្រយែងរឿងអាហារការហូបចុក ញ៉ាំតាមចិត្តចង់ អាហារដែលមានជាតិស្ករខ្ពស់ និងចំណីដែលមានរសជាតិផ្អែមខ្លាំងក៏មានដាក់លក់គ្រប់ទីកន្លែង ទើបក្មេងៗមានភាពប្រថុយប្រថានក្នុងការកើនកម្រឹតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់មិនចាញ់មនុស្សចាស់នោះ។
5 – ឪពុក ឬម្តាយកើតជំងឺទឹកនោមផ្អែម យើងក៏ច្បាស់ជាកើតដែរមិនខាន
មិនមែនដូច្នោះជានិច្ចនោះទេ ទោះជាជំងឺទឹកនោមផ្អែមនឹងឆ្លងបន្តខាងពូជអម្បូរមែន តែសូមឱ្យចាំទុកថា មិន 100% នោះទេគ្រាន់តែមានភាពប្រថុយប្រថានខ្លាំងជាងអ្នកដទៃប៉ុណ្ណោះ ដូច្នេះបើអ្នកមើលថែទាំសុខភាពឱ្យល្អ ទទួលទានអាហារដែលមានប្រយោជន៍ គ្រប់គ្រងកម្រឹតជាតិស្ករក្នុងឈាមឱ្យល្អ ហាត់ប្រាណជាប់ជាប្រចាំ និងពិនិត្យឈាម ពិនិត្យសុខភាពជាប្រចាំរៀងរាល់ឆ្នាំនោះ អ្នកក៏មានសិទ្ធិរួចផុតពីជំងឺទឹកនោមផ្អែមបានដែរ៕