ពិភពលោកមានអ្នកស្លាប់ជិត352,000នាក់ក្នុងចំណោមអ្នកជំងឺ COVID-19 ជិត5.7លាននាក់ ដោយមានសម្បុកមេរោគធំថ្មីនៅអាមេរិកខាងត្បូង នោះគឺប្រទេសប្រេស៊ីល។
ប្រទេសនិងដែនដីចំនួន213ក្នុងពិភពលោក ត្រូវបានរាយការរណ៍ថា រកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន5,676,850នាក់ និងអ្នកដែលបានបាត់បង់ជីវិតមានចំនួន351,599នាក់។ អ្នកជំងឺCOVID-19 កើន95,560នាក់ និងអ្នកស្លាប់កើន4,069នាក់ បើធៀបនឹងតួលេខកាលពីម្សិលមិញ។ ចំណែកអ្នកដែលបានជាសះស្បើយ មានចំនួនជាង2,426,000នាក់។
ទ្វីបអឺរ៉ុបមានអ្នកជំងឺCOVID-19 សរុប1,934,081នាក់ តំបន់អាមេរិកខាងជើងមាន1,926,612នាក់ ទ្វីបអាស៊ីមាន1,002,918នាក់ តំបន់អាមេរិកខាងត្បូងមាន683,742នាក់ និងទ្វីបអាហ្វ្រិកមាន121,547នាក់។
គិតមកដល់បច្ចុប្បន្ន មាន12ប្រទេសហើយដែលមានអ្នកជំងឺCOVID-19 ច្រើនជាង100,000នាក់ រួមមានសហរដ្ឋអាមេរិក ប្រេស៊ីល រុស្ស៊ី អេស្ប៉ាញ អង់គ្លេស អ៊ីតាលី បារាំង អាល្លឺម៉ង់ ទួរគី ឥណ្ឌា អ៊ីរ៉ង់ និងប្រទេសប៉េរូ។
ចំណែកប្រទេសដែលមានអ្នកស្លាប់ដោយសារវីរុសCOVID-19 លើសពី20,000នាក់ មានចំនួន6ប្រទេស រួមមាន សហរដ្ឋអាមេរិក អង់គ្លេស អ៊ីតាលី បារាំង អេស្ប៉ាញ និងប្រទេសប្រេស៊ីល៕
ប្រភព៖ សារព័ត៌មានបរទេស