អង្គការសុខភាពពិភពលោក ឬ WHO បានផ្អាកការសាកល្បងប្រើថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន ថ្នាំព្យាបាលជំងឺគ្រុនចាញ់ លើអ្នកជំងឺកូវីដ-19 ដោយសារតែមានក្ដីកង្វល់ខាងសុវត្ថិភាព។ នេះបើតាមរយៈការបង្ហើបឱ្យដឹងរបស់លោក ថេដ្រូស អាដាណូម កេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក កាលពីថ្ងៃចន្ទ(ទី25 ឧសភា) មិនយូរប៉ុន្មាន បន្ទាប់ពីលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយ បានរកឃើញថា វាមានចំណែកបង្កើនភាពប្រថុយប្រថានដល់ថ្នាក់ស្លាប់ ចំពោះអ្នកជំងឺវីរុសកូរ៉ូណាប្រភេទថ្មី។
លោកថេដ្រូស ប្រាប់ថា ក្រុមអ្នកធ្វើការស្រាវជ្រាវវិភាគដែលហៅថា “Solidarity Trial” ឬ “ការសាកល្បងដែលជារួមគ្នាជាធ្លុងមួយ” របស់អង្គការសុខភាពពិភពលោក ដែលជាគ្រោងការវិភាគខាងវេជ្ជសាស្ត្រអន្តរជាតិ ដើម្បីស្វែងរក និងសាកល្បងឱសថផ្សេង ដែលអាចព្យាបាលកូវីដ-19 បានផ្អាកការសាកល្បងការប្រើថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន ជាបណ្ដោះអាសន្ន ដែលនេះជាផ្នែកមួយនៃវិធានការការពារទុកជាមុន។
ការសម្រេចចិត្តនេះ បានកើតឡើង បន្ទាប់ពីព្រឹត្តិបត្រខាងវេជ្ជសាស្ត្រ Lancet បានបោះពុម្ពរបាយការណ៍ការសិក្សាស្រាវជ្រាវមួយកាលពីសប្ដាហ៍កន្លងទៅ ដោយបានបញ្ជាក់ថា ការប្រើថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន លើអ្នកជំងឺកូវីដ-19 អាចបន្ថែមភាពប្រថុយប្រថានក្នុងការស្លាប់ចំពោះអ្នកជំងឺទាំងនោះ។
ហាយដ្រុកស៊ីក្លូរ៉ូគីន ថ្នាំព្យាបាលជំងឺគ្រុនចាញ់ បានទទួលការអួតអាងដោយលោកប្រធានាធិបតី នៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងមនុស្សចំនួនទៀតថា អាចព្យាបាលជំងឺដែលមានប្រភពពីមេរោគវីរុសកូរ៉ូណាប្រភេទថ្មីបាន និងថែមទាំងប្រាប់ទៀតថា ពួកគេបានប្រើវាជាប្រចាំ និងបានណែនាំឱ្យអ្នកឯទៀតធ្វើតាមទៀតផង។
លោកថេដ្រូស បានថ្លែងក្នុងអំឡុងពេលថ្លែងការណ៍សរុបតាមអនឡាញថា “មានការផ្អាកអង្គភាពសាកល្បងថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន នៅក្នុង “Solidarity Trial” ក្នុងអំឡុងពេលដែលមានការពិនិត្យមើលឡើងវិញនូវព័ត៌មានស្ដីពីសុវត្ថិភាព ដោយគណៈកម្មការគ្រប់គ្រងពិនិត្យខាងផ្នែកសុវត្ថិភាព តែយ៉ាងណាក៏ដោយ អង្គភាពផ្សេងទៀតរបស់ការសាកល្បងនេះ នឹងដំណើរការជាបន្តទៅទៀត”
កាលពីពេលមុននេះ អង្គការសុខភាពពិភពលោក ធ្លាប់បានចេញមកណែនាំប្រឆាំងនឹងការប្រើថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន ក្នុងការព្យាបាល ឬការពារការឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី លើកលែងតែ វាជាផ្នែកមួយរបស់ការសាកល្បងខាងការព្យាបាល។
លោកវេជ្ជបណ្ឌិត ម៉ៃក៍ រ៉ៃអាន់ អគ្គនាយកគ្រោងការបន្ទាន់របស់អង្គការសុខភាពពិភពលោក បានប្រាប់ថា ការសម្រេចផ្អាកសាកល្បងថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន គឺជាការដំណើរការដោយក្ដីប្រុងប្រយ័ត្នជាទីបំផុត៕
ប្រភព៖ សារព័ត៌មានបរទេស