ពិភពលោកទាំងមូលមានអ្នកស្លាប់ជាង347,000នាក់ ក្នុងចំណោមអ្នកជំងឺ COVID-19 ជិត5.7លាននាក់ ខណៈដែលអាមេរិកខាងត្បូងកំពុងក្លាយជាសម្បុកមេរោគធំបំផុតមួយក្នុងពិភពលោក។
ប្រទេសនិងដែនដីចំនួន213ក្នុងសកលលោកត្រូវបានរាយការណ៍ថា បានរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មីសរុប5,581,290នាក់ និងអ្នកស្លាប់សរុបមានចំនួន347,530នាក់ ក្នុងនោះចំនួនអ្នកជំងឺថ្មីមាន90,097នាក់ និងអ្នកស្លាប់ថ្មីមាន1,204នាក់។ អ្នកជំងឺដែលបានជាសះស្បើយមានចំនួន2,360,911នាក់។
សហរដ្ឋអាមេរិកដែលជាសម្បុកមេរោគកូរ៉ូណាធំជាងគេក្នុងពិភពលោក មានអ្នកជំងឺសរុប1,705,668នាក់ និងអ្នកស្លាប់99,782នាក់។ ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ សហរដ្ឋអាមេរិកបានរកឃើញអ្នកជំងឺថ្មី19,232នាក់ និងអ្នកស្លាប់ថ្មី452នាក់។ តួលេខនេះបានថយចុះបន្តិចបើធៀបនឹងដំណាក់កាលកំពូលរបស់ COVID-19។
ប្រទេសប្រេស៊ីល ទើបរកឃើញអ្នកជំងឺCOVID-19 ចំនួន11,280នាក់ និងអ្នកស្លាប់757នាក់បន្ថែមទៀតក្នុងរយៈពេល24ម៉ោងកន្លងទៅនេះ ធ្វើឱ្យតួលេខនៃអ្នកជំងឺកូរ៉ូណាសរុបឡើងដល់374,898នាក់ និងអ្នកស្លាប់សរុបឡើងដល់23,473នាក់ បន្តជាសម្បុកមេរោគធំជាងគេលំដាប់ទី2ក្នុងពិភពលោក។ ក្រុមអ្នកជំនាញនិយាយថា តួលេខពិតប្រាកដនៃការឆ្លងវីរុសCOVID-19នៅប្រេស៊ីល អាចខ្ពស់ជាង15ដងបើធៀបនឹងទិន្នន័យដែលបានប្រកាស ដោយសារតែសមត្ថភាពនៃការធ្វើតេស្តរកមេរោគរបស់ប្រេស៊ីលនៅមានកម្រិត។
ចំណែកប្រទេសរុស្ស៊ីវិញ មានអ្នកជំងឺCOVID-19សរុប 353,427នាក់ និងអ្នកស្លាប់សរុប3,633នាក់ ក្នុងនោះអ្នកជំងឺ និងអ្នកស្លាប់ដែលទើបត្រូវបានរកឃើញក្នុងរយៈពេល24ម៉ោងចុងក្រោយនេះមានចំនួន 8,946នាក់ និង92នាក់។ រុស្ស៊ីជាសម្បុកមេរោគCOVID-19 ធំជាងគេលំដាប់ទី3ក្នុងពិភពលោក៕
ប្រភព៖ សារព័ត៌មានបរទេស