វិទ្យាស្ថានវ៉ាក់សាំងជាតិរបស់ប្រទេសថៃ បានធ្វើការសាកល្បងវ៉ាក់សាំងប្រឆាំង COVID-19 នៅលើសត្វស្វាកន្ទុយវែងចំនួន13ក្បាល និងតាមដានបរិមាណអង្គបដិប្រាណក្នុងរយៈពេល3ខែ។
ក្រុមអ្នកវិទ្យាសាស្ត្រថៃ ចាប់ផ្ដើមសាកល្បងវ៉ាក់សាំង COVID-19 នៅលើសត្វស្វា នៅក្នុងពិសោធន៍ដោយឡែកមួយ។ អ្នកវេជ្ជសាស្ត្របានចាក់ថ្នាំវ៉ាក់សាំងទៅក្នុងរាងកាយរបស់សត្វស្វាកន្ទុយវែងចំនួន13ក្បាល ហើយក្រោយមក ពួកគេនឹងចាប់ផ្ដើមតាមដាន និងវិភាគទៅលើកម្រិត ឬបរិមាណនៃអង្គបដិប្រាណដែលកើតឡើងក្នុងរាងកាយសត្វស្វានៅពេលពួកវាមានផ្ទុកCOVID-19។
សត្វស្វាទាំងនោះនឹងត្រូវបានចាក់វ៉ាក់សាំងCOVID-19 ចំនួនពីរលើកទៀតក្នុងរយៈពេល3ខែនៃការពិសោធនេះ។ ប្រភេទវ៉ាក់សាំងដែលអ្នកវិទ្យាសាស្ត្រថៃយកមកធ្វើតេស្តនេះ គឺមានប្រើប្រាស់ផ្នែកមួយនៃកូដហ្សែនរបស់វីរុសដើម្បីបង្កើតបានជាអង្គបដិប្រាណនៅខាងក្នុងរាងកាយ។
សូមបញ្ជាក់ថា ប្រទេសថៃកំពុងតែអនុវត្តគម្រោងអភិវឌ្ឍវ៉ាក់សាំងមួយចំនួនសម្រាប់ប្រឆាំងនឹងCOVID-19។ ក្រុមអ្នកវិទ្យាសាស្រឱ្យដឹងថា នៅពេលកំពុងសាកល្បងនៅលើសត្វ ពួកគេក៏កំពុងតែត្រៀមវ៉ាក់សាំងសម្រាប់ធ្វើការសាកល្បងនៅលើមនុស្សផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស