សហរដ្ឋអាមេរិកបានរាយការណ៍ថា អ្នកស្លាប់ថ្មីដោយសារវីរុសCOVID-19 មានចំនួនជាង1,000នាក់ នាំឱ្យតួលេខអ្នកស្លាប់សរុបឡើងដល់ជិត99,000នាក់ក្នុងចំណោមអ្នកជំងឺកូរ៉ូណាជិត1.7លាននាក់នៅទូទាំងប្រទេស។
តួលេខសរុបនៃអ្នកជំងឺ និងអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក គឺ 1,666,244នាក់ និង98,661នាក់ កើន22,659នាក់ និង1,071នាក់ ធៀបនឹងម្សិលមិញ។
រដ្ឋចំនួន50របស់សហរដ្ឋអាមេរិក បានបន្ធូរបន្ថយការរឹតត្បិតលើការដើរហើរក្នុងកម្រិតផ្សេងៗគ្នា។ ប្រធានាធិបតីអាមេរិកាំង កាលពីថ្ងៃទី22កន្លងទៅ បានចេញបទបញ្ជាមួយ អនុញ្ញាតឱ្យមានការជួបជុំគ្នាច្រើនបំផុតត្រឹម10នាក់ ឱ្យតែពួកគេគោរពទៅតាមវិធានការរក្សាគម្លាតសង្គម។
ថ្ងៃទី23ឧសភា មនុស្សរាប់ពាន់នាក់បានចេញទៅលេងសមុទ្រ និងតំបន់ទេសចរណ៍ផ្សេងៗក្នុងឱកាសរដូវបុណ្យជាតិ Memorial Day(ទិវាចងចាំវីរជនពលីអាមេរិកាំង) បន្ទាប់ពីបានជាប់ក្នុងបម្រាមគោចរអស់មួយរយៈពេលវែងកន្លងមកនេះ។
ក្នុងចំណោមមនុស្សដែលបានចេញទៅលេងខាងក្រៅកាលពីថ្ងៃសៅរ៍ ក៏មានលោកប្រធានាធិបតី Trump ផងដែរ ដែលពេលនោះលោកបានធ្វើដំណើរទៅកាន់ក្លិប Trump នៅក្នុងរដ្ឋ Virginia ដើម្បីលេងវាយកូនហ្គោល។
លោក Trump ក៏កំពុងតែជំរុញឱ្យរដ្ឋនានាបើកទ្វារសេដ្ឋកិច្ចឡើងវិញដើម្បីទប់ស្កាត់ឱនភាពសេដ្ឋកិច្ចនៅមុនការបោះឆ្នោតជាតិ៕
ប្រភព៖ សារព័ត៌មានបរទេស