ក្រោយមានភាពស្ងប់ស្ងាត់មួយរយៈនៃជំងឺ Covid-19 នៅកម្ពុជា ប្រជាជនហាក់ភ្លេចខ្លួន និងមិនសូវយកចិត្តទុកដាក់លើវិធានការការពារនោះទេ។ មនុស្សជាច្រើនចាប់ផ្តើមជួបជុំដោយគ្មានការប្រុងប្រយ័ត្ន ទទួលទានគ្រឿងស្រវឹងជុំគ្នាតាមផ្ទះ និងកន្លែងផឹកស៊ីជាធម្មតា ហើយមានមនុស្សមួយចំនួនធំទៀតទៅផ្សារឬទីប្រជុំជនដោយគ្មានពាក់ម៉ាស់ជាដើម។
ពាក់ព័ន្ធនឹងបញ្ហានេះលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងថា ប្រសិនបើបុគ្គលគ្រប់រូបភ្លេចខ្លួន ហើយបែរជាគិតថាយើងអស់ Covid-19 ហើយភ្លេចពីវិធានការការពារខ្លួន មិនបានបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នោះការរាតត្បាត ឬការវាយលុក នៃមេរោគនេះ នឹងអាចកើតមានឡើងធ្ងន់ធ្ងរសារជាថ្មី។
លោកជំទាវបានបញ្ជាក់ថា ស្ថិតក្នុងដំណាក់កាលផុយស្រួយនេះ យើងមិនចង់ឃើញមានការរាលដាលជាលក្ខណៈសហគមន៍នោះទេ។ បច្ចុប្បន្ននេះយើងកំពុងស្ថិតក្នុងបន្ទាត់ក្រហមនៅឡើយទេ ហេតុនេះសូមកុំឆ្លងឱ្យផុតបន្ទាត់នៃឱ្យសោះ។ សូមរក្សាគម្លាត និងអនុវត្តការការពារឱ្យបានខ្ជាប់ខ្ជួនជាពិសេសបទបញ្ជារសម្តេចតេជោនាយករដ្ឋមន្ត្រីដើម្បីការពារប្រជាជនកម្ពុជា។
លោកជំទាវសង្កត់ធ្ងន់ផងដែរថា រលកទី2 នឹងអាចកើតមានប្រសិនបើយើងធ្វេសប្រហែស៕