បុរសម្នាក់ដែលធ្វើដំណើរពីកម្ពុជា ត្រឡប់ទៅកាន់ខេត្ត Hau Giang ប្រទេសវៀតណាម បានបង្ហាញអាការក្ដៅខ្លួន និងក្អក ប៉ុន្តែមិនទាន់ត្រូវបានធ្វើតេស្តរកមេរោគនៅឡើយ ដូច្នេះ នៅយប់មិញនេះ សមត្ថកិច្ចវៀតណាមបានដាក់កម្លាំងនគរបាលដើម្បីហាមឃាត់មិនឱ្យមានការចេញចូលនៅចំណតរថយន្តមួយដែលបុរសនេះកំពុងស្ថិតនៅ។
កាលពីព្រឹកមិញនេះ(22ឧសភា) សមត្ថកិច្ចគ្រប់គ្រង COVID-19 នៅទីក្រុង Can Tho និងខេត្ត Hau Giang ប្រទេសវៀតណាមបានឱ្យដឹងថា បានស្រាវជ្រាវរកឃើញអ្នករួមដំណើរជាមួយបុរសដែលវិលត្រឡប់ពីកម្ពុជានេះហើយ ដោយពួកគេកំពុងត្រូវបានដាក់ឱ្យនៅដោយឡែកក្នុងខេត្ត Hau Giang ភាគខាងត្បូងប្រទេសវៀតណាម។
មុននោះ ដោយសារតែឃើញបុរសនេះចូលមកវៀតណាមដោយមិនទាន់ទទួលបានការពិនិត្យសុខភាព និងសង្ស័យថាអាចមានផ្ទុកវីរុសCOVID-19 សមត្ថកិច្ចចម្រុះរបស់វៀតណាមក៏បានធ្វើការដាក់បុរសនេះ រួមនឹងអ្នកបើកបររថយន្ត និងអ្នករួមដំណើរទាំងអស់ ឱ្យនៅដាច់ដោយឡែក។
រហូតដល់ម៉ោង1និង30នាទីរំលងអធ្រាត្រនៃថ្ងៃទី22ឧសភានេះ ក្រុមគ្រូពេទ្យបានយកវត្ថុវិភាគពីបុរសខាងលើ និងធ្វើការពិសោធជាបន្ទាន់។ មកដល់ពេលនេះ សមត្ថកិច្ចចម្រុះរបស់វៀតណាម បានដកបម្រាមគោចរនៅចំណតរថយន្តខាងលើនោះហើយ បន្ទាប់ពីបានធ្វើតេស្តបង្ហាញថា បុរសនោះអវិជ្ជមានជាមួយនឹងវីរុសCOVID-19៕
ប្រភព៖ សារព័ត៌មានវៀតណាម