តាមគម្រោង ប្រទេសថៃនឹងមានវ៉ាក់សាំងប្រឆាំង COVID-19 នៅឆ្នាំក្រោយ នេះបើតាមមន្ត្រីជាន់ខ្ពស់ម្នាក់បានឱ្យដឹងកាលពីម្សិលមិញ បន្ទាប់ពីការពិសោធសាកល្បងនៅលើសត្វកណ្ដុរ ទទួលបានលទ្ធផលល្អ។
ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី20ឧសភា បានដកស្រង់សម្ដីរបស់លោក Taweesin Wisanuyothin អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 របស់រាជរដ្ឋាភិបាលថៃ បានឱ្យដឹងថា ប្រទេសថៃនឹងចាប់ផ្ដើមសាកល្បងវ៉ាក់ថ្មីប្រឆាំង COVID-19 នៅលើសត្វស្វានៅសប្ដាហ៍ក្រោយ បន្ទាប់ពីការសាកល្បងនៅលើសត្វកណ្ដុរទទួលបានជោគជ័យ។
មន្ត្រីខាងលើបានថ្លែងថា “តាមគម្រោង វ៉ាក់សាំងរបស់ថៃនឹងត្រូវបានដាក់ឱ្យប្រើប្រាស់នៅឆ្នាំក្រោយ”។
វ៉ាក់សាំងថ្មីនេះត្រូវបានអភិវឌ្ឍដោយវិទ្យាស្ថានវ៉ាក់សាំងជាតិ ក្រសួងវេជ្ជសាស្ត្រ និងមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំងនៃសាកលវិទ្យាល័យ ជូឡាឡុងកន របស់ប្រទេសថៃ (Chulalongkorn)។
នៅទូទាំងពិភពលោក មានវ៉ាក់សាំងចំនួនជាង100ប្រភេទដែលមានសក្ដានុពលក្នុងការទប់ស្កាត់វីរុសCOVID-19 កំពុងត្រូវបានអភិវឌ្ឍ ក្នុងនោះមានវ៉ាក់សាំងមួយចំនួនកំពុងត្រូវបានសាកល្បងនៅលើមនុស្ស ប៉ុន្តែ កាលពីខែមេសា អង្គការសុខភាពពិភពលោក(WHO) បានព្រមានថា វ៉ាក់សាំងមួយតែងត្រូវការពេលយ៉ាងតិច12ខែទើបអាចដាក់ឱ្យប្រើប្រាស់បាន។
វ៉ាក់សាំងប្រឆាំង COVID-19 ដែលត្រូវបានសាកល្បងដំបូងគេនៅសហរដ្ឋអាមេរិក នោះគឺវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថ Moderna។ វ៉ាក់សាំងនេះត្រូវបានសាកល្បងនៅលើក្រុមអ្នកស្ម័គ្រចិត្តមួយចំនួន ហើយវាបង្ហាញថា មានប្រសិទ្ធភាពក្នុងការបង្កើតអង្គបដិប្រាណ។ នេះបើតាមទិន្នន័យថ្មីបំផុតដែលត្រូវបានក្រុមហ៊ុន Moderna ប្រកាសឱ្យដឹងនាដើមសប្ដាហ៍នេះ។
លោក Taweesin បានឱ្យដឹងថា ប្រទេសថៃ ចង់ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានវ៉ាក់សាំងដំបូងគេដើម្បីប្រើប្រាស់ឱ្យទាន់ពេល។
គិតមកដល់បច្ចុប្បន្ន ប្រទេសថៃ បានរកឃើញអ្នកជំងឺរលាកសួតប្រភេទថ្មី (COVID-19) សរុប 3,034នាក់ និង56នាក់បានបាត់បង់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស