កាលពីថ្ងៃទី19 ឧសភាម្សិលមិញ ទីភ្នាក់ងារព័ត៌មាន ដេលីមែល បានរាយការណ៍ថា រដ្ឋបាលក្នុងតំបន់នៃទីក្រុងរូបេហ្ស៍ ក្នុងខេត្តន័រ ភាគខាងជើងរបស់ប្រទេសបារាំង ជាប់នឹងព្រំដែនប្រទេសបែលហ្ស៊ិក បានបញ្ជាឱ្យបិទសាលារៀនវិញចំនួន 8កន្លែងជាបន្ទាន់ ជាសាលារៀនរបស់រដ្ឋ 7កន្លែង និងសាលាឯកជន 1កន្លែងទៀត ដោយសារតែបានរកឃើញកូនសិស្សថ្នាក់មត្តេយ្យ 1នាក់ ជាភ្នាក់ងារចម្លងមេរោគកូវីដ-19 បន្ទាប់ពីពួកគេបានបើកទ្វារបង្រៀនឡើងវិញកាលពីសប្ដាហ៍កន្លងទៅ។
ក្នុងរបាយការណ៍ បានបញ្ជាក់ថា បទបញ្ជាឱ្យបិទសាលារៀនទាំង 8កន្លែងនោះវិញជាបន្ទាន់ គឺជាវិធានការការពារការចម្លងសាយភាយមេរោគ ដោយសារតែនៅមិនទាន់រកឃើញកូនសិស្សដទៃទៀតកើតជំងឺកូវីដ-19 ដោយអាជ្ញាធរនឹងប្រញាប់ប្រញាល់ស៊ើបអង្កេតលើករណីនេះ រួមទាំងស្វែងរកបុគ្គលដែលក្មេងៗបានប៉ះពាល់ និងនៅជិតស្និទ្ធជាមួយ ក្នុងអំឡុងពេលបើកសាលារៀនឡើងវិញកាលពីរយៈពេល 1សប្ដាហ៍កន្លងមក និងរំពឹងថា សាលារៀនអាចនឹងបើកទ្វារឡើងវិញបាន នោថ្ងៃទី25 ឧសភាខាងមុខ។
សម្រាប់សាលារៀន ដែលបានពិនិត្យរកឃើញមានការឆ្លងរាលដាលនៃមេរោគកូវីដ-19 និងត្រូវបញ្ជាឱ្យបិទទ្វារជាបណ្ដោះអាសន្នវិញនោះ ស្ថិតនៅក្នុងទីតាំងខេត្តម៉ាយែន មណ្ឌលប៉េអ៊ី ដឺ ឡា លួរ , ខេត្តហ្វ៊ីនីស្ទែរ មណ្ឌលប្រឺតាញ , ខេត្តកុងតាល់ មណ្ឌលអូវែញ-រ៉ូណាល , ខេត្តអូ-ហ្គារ៉ុង និងខេត្តអេរ៉ូ មណ្ឌលអុកស៊ីតានី , ខេត្តអង់ដ្រេលួរ មណ្ឌលហ្សង់-វ៉ាល់ ដឺ លួរ និងទីក្រុងនីស មណ្ឌលប្រូវ៉ង់ សាល កូតដាហ្សួរ៕
ប្រភព៖ សារព័ត៌មានបរទេស