សិស្សានុសិស្សនៃសាលាបឋមសិក្សាមួយនៅប្រទេសចិន នាំគ្នាពាក់ស្លាបប្រវែង1ម៉ែត្រ និងមានចម្រុះពណ៌គួរឱ្យចាប់អារម្មណ៍ ក្នុងបំណងធានាឱ្យបានប្រាកដចំពោះការរក្សាគម្លាតក្នុងថ្ងៃចូលរៀន។
ថ្ងៃដំបូងនៃការវិលត្រឡប់ចូលសាលារៀនវិញ ក្រោយការឈប់សម្រាកអស់មួយរយៈពេលវែងដោយសារ COVID-19 សិស្សថ្នាក់ទី4នៃសាលាបឋមសិក្សាភាសាបរទេសមួយនៅទីក្រុង Taiyuan នៃខេត្ត Shanxi ប្រទេសចិន កាលពីថ្ងៃទី18ឧសភាកន្លងទៅ ត្រូវបានស្នើឱ្យពាក់ស្លាបដែលមានប្រវែងមួយម៉ែត្រនៅខាងក្រោយខ្នង ដើម្បីទប់ស្កាត់សិស្សទាំងនោះឈរក្បែរគ្នាខ្លាំងពេក ក្នុងបំណងការពារការឆ្លងវីរុស។
ស្លាបដែលមានរូបរាងដូចស្លាបយន្តហោះ ឬស្លាបមេអំបៅ និងមានពណ៌ចម្រុះនេះ ត្រូវបានអាណាព្យាបាលរបស់សិស្ស ធ្វើឱ្យកូនៗ ហើយនៅលើស្លាបទាំងនោះ មានសរសេរអក្សរថា “ព្រោះតែខ្ញុំគោរព ឱ្យតម្លៃមិត្ត ដូច្នេះសូមរក្សាគម្លាតឱ្យបានមួយម៉ែត្រ”។
នាយកសាលាខាងលើបានឱ្យដឹងថា ការពាក់ស្លាបនេះអាចជួយឱ្យសិស្សទទួលដឹងបាននូវគម្លាតសុវត្ថិភាព ក៏ដូចជាយល់ និងដឹងគុណដល់ការចូលរួមចំណែករបស់ក្រុមគ្រូពេទ្យ ដែលជាក្រុមមនុស្សនៅជួរមុខក្នុងសង្គ្រាមប្រឆាំង COVID-19។
គំនិតខាងលើនេះ ត្រូវបានធ្វើឡើងដោយយកគំរូតាមសាលាបឋមសិក្សាមួយនៅទីក្រុង Hangzhou កាលពីសប្ដាហ៍មុន។ មុននេះ មានសាលាបឋមសិក្សាមួយផ្សេងទៀតនៅ Hangzhou ក៏មានគំនិតស្រដៀងគ្នានេះដែរ ដោយឱ្យសិស្សពាក់មួករាងស្លាបកន្ទុំរុយវែងៗ ដែលជួយឱ្យសិស្សអាចរក្សាគម្លាតពីគ្នាបានមួយកម្រិតផងដែរ។
COVID-19 បានផ្ទុះឆ្លងរាលដាលនៅប្រទេសចិន ចាប់ពីចុងឆ្នាំ2019 ហើយមកដល់បច្ចុប្បន្ន វាបានរាលដាលដល់ប្រទេសនិងដែនដីចំនួន213ក្នុងពិភពលោក បណ្ដាលឱ្យមានមនុស្សជិត5លាននាក់បានឆ្លងមេរោគ និងជាង323,000នាក់បានបាត់បង់ជីវិត។ ប្រទេសចិន មានមនុស្សជិត83,000នាក់បានឆ្លងCOVID-19 ក្នុងនោះមានជាង4,600នាក់បានស្លាប់ និងជាង78,000នាក់បានជាសះស្បើយ៕
ប្រភព៖ សារព័ត៌មានបរទេស