ពិភពលោកទាំងមូលត្រូវបានរាយការណ៍ថា មានមនុស្សជាង324,000នាក់បានស្លាប់ ក្នុងចំណោមអ្នកជំងឺCOVID-19 ជិត5លាននាក់ ខណៈប្រទេសដែលមានអ្នកជំងឺកូរ៉ូណាលើសពី100,000នាក់បានកើនដល់11ប្រទេស។
យោងតាមគេហទំព័រ Worldometer ប្រទេសនិងដែនដីចំនួន213ក្នុងពិភពលោកមានអ្នកជំងឺកូរ៉ូណាសរុប4,980,533នាក់ និងអ្នកស្លាប់សរុប324,445នាក់ ក្នុងនោះមានអ្នកជំងឺថ្មី95,495នាក់ និងអ្នកស្លាប់ថ្មី4,666នាក់។ ចំណែកអ្នកជំងឺដែលបានជាសះស្បើយបានកើនដល់1,957,884នាក់។
ទ្វីបអាមេរិកនៅតែជាសម្បុកមេរោគកូរ៉ូណាធំជាងគេក្នុងពិភពលោក ដោយមានអ្នកជំងឺសរុប2,226,468នាក់ ក្នុងនោះអាមេរិកខាងជើងមាន1,738,811នាក់ អាមេរិកខាងត្បូងមាន487,657នាក់ ខណៈទ្វីបអឺរ៉ុបមាន1,815,438នាក់ អាស៊ីមាន841,131នាក់ និងអាហ្វ្រិកមាន93,229នាក់។
ប្រទេសដែលមានអ្នកជំងឺច្រើនជាង100,000នាក់ បានកើនឡើងដល់11ប្រទេស រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី អេស្ប៉ាញ ប្រេស៊ីល អង់គ្លេស អ៊ីតាលី បារាំង អាល្លឺម៉ង់ ទួរគី អ៊ីរ៉ង់ និងឥណ្ឌា៕
ប្រភព៖ សារព័ត៌មានបរទេស