អ្នកជំងឺ COVID-19 សរុប នៅសហរដ្ឋអាមេរិក បានឡើងដល់ជិត1.6លាននាក់ ក្នុងនោះមានជាង93,000នាក់បានបាត់បង់ជីវិត ប៉ុន្តែប្រធានាធិបតីអាមេរិកាំង លោក Donald Trump យល់ថា តួលេខខ្ពស់បែបនេះបង្ហាញថា សហរដ្ឋអាមេរិកធ្វើបានល្អជាងប្រទេសដទៃក្នុងការធ្វើតេស្តរកវីរុស។
តួលេខសរុបអំពីអ្នកឆ្លងវីរុសCOVID-19 នៅសហរដ្ឋអាមេរិកបានកើនឡើងដល់1,569,659នាក់ និងអ្នកស្លាប់សរុបមានចំនួន93,473នាក់ ក្រោយពីបានរកឃើញអ្នកជំងឺថ្មី20,829នាក់ និងអ្នកស្លាប់ថ្មី16,000នាក់បន្ថែមទៀតក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ។ អ្នកជំងឺដែលបានជាសះស្បើយមានចំនួន 362.984នាក់។ នេះបើតាម Worldometer ដែលជាគេហទំព័រធ្វើបច្ចុប្បន្នភាពតួលេខ COVID-19 ទាន់ហេតុការណ៍បំផុត។
យោងតាម Politco នៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃទី19កន្លងទៅ ប្រធានាធិបតី Donald Trump ថ្លែងថា មូលហេតុដែលនាំឱ្យសហរដ្ឋអាមេរិកមានអ្នកឆ្លងវីរុសCOVID-19 ច្រើនជាងគេក្នុងពិភពលោក គឺដោយសារសហរដ្ឋអាមេរិកធ្វើតេស្តរកមេរោគបានច្រើនជាងបណ្ដាប្រទេសផ្សេងៗទៀត ហេតុនេះវាអាចត្រូវបានចាត់ទុកថាជា “មេដាយកិត្តិយស”។
“នៅពេលយើងមានអ្នកឆ្លងវីរុសCOVID-19ច្រើន ខ្ញុំមិនចាត់ទុកថាជារឿងអាក្រក់នោះទេ ហើយបើគេពិនិត្យទៅលើជ្រុងណាមួយនោះ នេះគឺជាប្រការល្អមួយ។ ព្រោះថា វាមានន័យថា សមត្ថភាពក្នុងការធ្វើតេស្តរកមេរោគរបស់យើង បានល្អជាងគេ” លោក Trump ថ្លែងប្រាប់អ្នកយកព័ត៌មានបែបនេះ។ ប្រធានាធិបតីសង្កត់ធ្ងន់បន្ថែមថា “ខ្ញុំចាត់ទុកប្រកាសនេះជាមេដាយកិត្តិយសមួយ ពិតណាស់វាគឺជាមេដាយកិត្តិយស”។
យោងតាមលោក Trump គិតមកដល់បច្ចុប្បន្ន សហរដ្ឋអាមេរិកបានធ្វើតេស្តរកមេរោគជូនពលរដ្ឋជិត14លានលើក គឺខុសគ្នាប្រហែល3លានលើកបើធៀបជាមួយនឹងទិន្នន័យនៅលើគេហទំព័រ Covid Tracking Project។ លោក Trump បន្តថា “បើយើងធ្វើតេស្ត1លាននាក់ជំនួសឱ្យ14លាននាក់ នោះចំនួនអ្នកជំងឺដែលយើងរកឃើញនឹងមានចំនួនតិច តើមែនឬអត់?”។
សហរដ្ឋអាមេរិក បច្ចុប្បន្នគឺជាសម្បុកមេរោគCOVID-19 ធំជាងគេបង្អស់ក្នុងពិភពលោក រាប់ទាំងចំនួនអ្នកឆ្លងវីរុស និងអ្នកស្លាប់ដោយសារវីរុស។ អ្នកជំនាញបានព្យាករថា តួលេខអ្នកស្លាប់ដោយសារ COVID-19 នៅប្រទេសនេះនឹងកើនដល់147,000នាក់នៅដើមខែសីហាខាងមុខ៕
ប្រភព៖ សារព័ត៌មានបរទេស