ប្រទេសអៀកឡង់កំពុងរៀបចំឱ្យសេដ្ឋកិច្ច និងដំណើរការប្រទេសរបស់ខ្លួនជាប្រក្រតីជាមួយនឹងទម្លាប់ថ្មី សម្រាប់បញ្ចៀសប្រទេសពីបញ្ហាគ្រោះថ្នាក់នៃជំងឺ Covid-19 និងបញ្ហាសេដ្ឋកិច្ច។
ជាគម្រោងការប្រទេសនេះនឹងធ្វើតេស្តគ្រប់អ្នកដំណើរទាំងអស់ដែលចូលមកក្នុងប្រទេសបន្ថែមពីការវាស់កម្តៅ និងការសម្អាតដៃជាមួយអាល់កុល។ ស្របពេលជាមួយគ្នានេះដែរអ្នកដំណើរទាំងអស់ចាំបាច់តម្រូវឱ្យធ្វើចត្តាឡីសក្តខ្លួនឯងរយៈពេល 14ថ្ងៃ និងត្រូវតែទាញយកកម្មវិធីតាមដាន Covid-19 (Covid-19 Tracing app) នៅគ្រប់ទូរស័ព្ទដៃទាំងអស់ ដើម្បីឱ្យអាជ្ញាធរដឹងពីកន្លែងដែលយើងបានដើរ និងដឹងពីអ្នកទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងដំណើររបស់យើងនៅក្នុងប្រទេសរបស់គេ។
នៅក្នុងកម្មវិធីទូរស័ព្ទដៃនេះផងដែរ អ្នកដំណើរទាំងអស់នឹងត្រូវតាមដានគ្រប់វិនាទី ហើយវានឹងលោតសញ្ញាប្រាប់ភ្លាមៗចំពោះអ្នកដែលធ្លាប់ទទួលលទ្ធផលវិជ្ជមាន Covid-19។ ការធ្វើបែបនេះត្រូវបានអ្នកនៅក្នុងឧស្សាហកម្មទេសចរណ៍របស់ប្រទេសអៀកឡង់ សង្ឃឹមទុកថាអាចនឹងជួយស្រោចស្រង់ស្ថានភាពអាក្រក់បានខ្លះចំពោះបញ្ហាធ្លាក់ចុះនៃទេសចរណ៍ក្នុងស្រុក ព្រោះ 10% នៃ GDP របស់ប្រទេសនេះបានមកពីវិស័យទេសចរណ៍៕