បើទោះជាមានប្រជាជនសរុបប្រមាណជា12លាននាក់ ប៉ុន្តែ បែលហ្សិកមានអ្នកស្លាប់ដោយសារវីរុសCOVID-19 ដល់ទៅជាង9,000នាក់ ជិតស្មើនឹង2ដងបើធៀបនឹងតួលេខអ្នកស្លាប់នៅប្រទេសចិន ដែលជាប្រភពនៃមេរោគកូរ៉ូណាថ្មីនេះ។
អត្រានៃការស្លាប់ដោយសារវីរុសCOVID-19 នៅប្រទេសបែលហ្សិកគឺ 16.4% ពោលគឺខ្ពស់ជាងគេបង្អស់ក្នុងពិភព លោក។ ប្រទេសនេះឈរលំដាប់លេខ1 បើគិតអំពីអត្រានៃការស្លាប់ធៀបជាមួយនឹងចំនួនប្រជាជន ដោយមានអត្រានៃការស្លាប់ស្មើនឹង78នាក់/100,000នាក់(ក្នុង100,000នាក់គឺមាន78នាក់់បានស្លាប់ដោយសារ COVID-19)។ នេះបើតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins នៃសហរដ្ឋអាមេរិក។ ចំណែកអត្រានេះនៅសហរដ្ឋអាមេរិកគឺត្រឹម26/100,000 ខណៈអាស្ប៉ាញមាន58/100,000 និងអ៊ីតាលីមាន52/100,000។
ក្រុមមន្ត្រីរដ្ឋាភិបាលបែលហ្សិកបានឱ្យដឹងថា មូលហេតុដែលនាំឱ្យអត្រានៃការស្លាប់ដ៏ខ្ពស់គួរឱ្យខ្លាចបែបនេះ គឺមិនមែនដោយសារប្រព័ន្ធសុខាភិបាលត្រូវធ្វើការលើសកម្លាំង ឬខ្សោយនោះទេ តែវាជាលទ្ធផលនៃរបៀបស្រង់ស្ថិតិ។ ខុសពីបណ្ដាប្រទេសដទៃ បែលហ្សិកបូកបញ្ចូលអ្នកស្លាប់នៅក្នុងមជ្ឈមណ្ឌលចាស់ជរាទៅក្នុងតួលេខអ្នកស្លាប់ដោយសារវីរុសCOVID-19ផងដែរ សូម្បីតែអ្នកស្លាប់ទាំងនោះមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការថាបានឆ្លងវីរុសកូរ៉ូណាក៏ដោយ។
Steven Van Gucht ដែលជាអ្នកដឹកនាំស្ថាប័នគ្រប់គ្រងជំងឺឆ្លងប្រចាំវិទ្យាស្ថានសុខាភិបាលសាធារណៈ Sciensano របស់ប្រទេសបែលហ្សិក បានឱ្យដឹងថា “យើងតែងត្រូវបានគេរិះគន់ដោយសារបានធ្វើឱ្យបែលហ្សិកមើលទៅហាក់ដូចជាអាក្រក់ខ្លាំងណាស់ ប៉ុន្តែយើងគិតផ្ទុយពីនេះ។ បើសិនជាចង់ប្រៀបធៀបតួលេខរបស់ប្រទេសយើងខ្ញុំ ជាមួយនឹងប្រទេសដទៃ ជាមូលដ្ឋានអ្នកត្រូវតែបន្ថយតួលេខចុះពាក់កណ្ដាល”។
តួលេខនៃអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅក្នុងមជ្ឈមណ្ឌលចាស់ជរានានាប្រមាណជា95% មិនទាន់ទទួលបានលទ្ធផលនៃការធ្វើតេស្តរកវីរុសCOVID-19 ប៉ុន្តែបែលហ្សិកបានរាប់តួលេខនេះចូលទៅក្នុងតួលេខនៃអ្នកស្លាប់ដោយសារវីរុសកូរ៉ូណារបស់ខ្លួន ដោយគ្រាន់តែយោងទៅលើអាការរោគ និងប្រវត្តិទំនាក់ទំនងរបស់អ្នកស្លាប់តែប៉ុណ្ណោះ ក្នុងបំណងធ្វើឱ្យមានភាពជាក់លាក់ក្នុងការគណនាអំពីឥទ្ធិពលរបស់មេរោគ ក៏ដូចជាដើម្បីអាចរកឃើញសម្បុកមេរោគបានឆាប់ជាងធម្មតា។ តួលេខនៃអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅខាងក្រៅមន្ទីរពេទ្យនៅប្រទេសនេះ គឺមានប្រមាណជាពាក់កណ្ដាលនៃតួលេខសរុបអំពីអ្នកស្លាប់ដោយសារវីរុសCOVID-19។
លោក Yves Van Laethem ដែលជាអ្នកឯកទេសខាងវីរុស និងជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលបែលហ្សិក បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី15ឧសភាកន្លងទៅថា “វិធិសាស្ត្រស្រង់ស្ថិតិរបស់យើងគឺពិតជាសុក្រឹត និងស្មោះត្រង់បើគិតអំពីវិទ្យាសាស្ត្រ”។
យោងតាមទស្សនាវដ្ដី Economist បែលហ្សិកគឺជាប្រទេសដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតលំដាប់ទី3ក្នុងពិភពលោក បន្ទាប់ពីអង់គ្លេស និងអេស្ប៉ាញ។ ទស្សនាវដ្ដីនេះមិនបានយកតួលេខនៅសហរដ្ឋអាមេរិកមកប្រៀបធៀបនោះទេ ប៉ុន្តែបានគន់គូរឃើញថា អត្រានៃការស្លាប់ហួសកម្រិតនៅទីក្រុងនីវយ៉ក ខ្ពស់ជាងនៅអង់គ្លេស។
មន្ត្រីបែលហ្សិកក៏បានទទួលស្គាល់ថា COVID-19 បានវាយប្រហារខ្លាំងក្លាមកលើប្រទេសនេះ។ “យើងស្រង់ស្ថិតិបានត្រឹមត្រូវល្អណាស់ ប៉ុន្តែប្រការនេះមិនបានជួយកាត់បន្ថយភាពធ្ងន់ធ្ងរដែលប្រទេសយើសខ្ញុំបានរងគ្រោះនោះទេ” នេះបើតាមសម្ដីលោក Van Gucht។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលបែលហ្សិកបានឱ្យដឹងថា មូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលនាំឱ្យអត្រានៃការស្លាប់ដោយសារវីរុសកូរ៉ូណានៅប្រទេសនេះមានលក្ខណៈខ្ពស់ នោះគឺដង់ស៊ីតេប្រជាជនមានកម្រិតខ្ពស់ជាងបណ្ដាប្រទេសនៅក្បែរខាង។ អាកាសយានដ្ឋាន Brussels អាចជាកន្លែងចម្លងវីរុសឱ្យរាលដាលពាសពេញរដ្ឋធានីដែលមានប្រជាជនយ៉ាងច្រើនកំពុងរស់នៅ។ ពលរដ្ឋបែលហ្សិកជាច្រើន ថែមទាំងបានទៅលេងស្គីទឹកកកនៅភាគខាងជើងប្រទេសអ៊ីតាលី ដែលជាសម្បុកមេរោគរបស់ប្រទេសនេះ នៅក្នុងរដូវឈប់សម្រាកកាលពីខែកុម្ភៈកន្លងទៅ។
មជ្ឈមណ្ឌលថែទាំចាស់ជរារបស់បែលហ្សិក មានអ្នកស្លាប់ស្មើនឹងជាងពាក់កណ្ដាលនៃអ្នកស្លាប់ដោយសារវីរុសCOVID-19 ដោយមួយផ្នែកគឺដោយសារមនុស្សចាស់នៅប្រទេសនេះ ចូលចិត្តរស់នៅក្នុងមជ្ឈមណ្ឌលចាស់ជរាច្រើនជាងបណ្ដាប្រទេសផ្សេងៗនៅអឺរ៉ុប។ មន្ត្រីសុខាភិបាលបានទទួលស្គាល់ថា ពួកគេមានការយឺតយ៉ាវក្នុងការរកឃើញហានិភ័យនៃការឆ្លងរាលដាលវីរុសកូរ៉ូណានៅតាមមជ្ឈមណ្ឌលចាស់ជរាទាំងនេះ៕
ប្រភព៖ សារព័ត៌មានបរទេស