បារាំង បានរកឃើញអ្នកឆ្លងមេរោគកូវីដ-19ថ្មី 70នាក់ ដែលពាក់ព័ន្ធនឹងសាលារៀននានា ត្រឹមតែ 1សប្ដាហ៍ប៉ុណ្ណោះ ក្រោយពីពួកគេបន្ធូរបន្ថយវិធានការបិទទីក្រុង និងអនុញ្ញាតឱ្យសាលារៀនបើកឡើងវិញខ្លះៗ។
ទីភ្នាក់ងារព័ត៌មានអន្តរជាតិបានរាយការណ៍ថា រដ្ឋាភិបាលបារាំងបានបង្ហើបឱ្យដឹងកាលពីថ្ងៃចន្ទ ទី18 ឧសភាថា រកឃើញអ្នកឆ្លងមេរោគកូវីដ-19យ៉ាងតិច 70នាក់នៅក្នុងក្រុមកូនសិស្សតូចៗពីសាលាមត្តេយ្យ និងសាលារៀនបឋមសិក្សាជាច្រើនកន្លែង ចាប់តាំងពីថ្ងៃទី11 ឧសភាមក បន្ទាប់ពីពួកគេបានបន្ធូរបន្ថយវិធានការបិទទីក្រុង និងបើកសាលារៀនឡើងវិញជាង 40,000កន្លែង អនុញ្ញាតឱ្យសិស្សជាង 1.4លាននាក់បានចូលរៀនឡើងវិញជាថ្មី។
ការរកឃើញអ្នកឆ្លងមេរោគថ្មីទាំងនោះ បានធ្វើឱ្យសាលាមត្តេយ្យ និងសាលាបឋមសិក្សាជាច្រើន ត្រូវបិទទ្វារជាថ្មី ខណៈដែលសិស្សកម្រិតមធ្យមសិក្សាប្រមាណជា 1.5សែននាក់ បានវិលត្រឡប់ទៅសាលារៀនហើយ នៅថ្ងៃទី18 ឧសភាម្សិលមិញ។
លោក ហ្សង់ មីសេល ប្លង់ រដ្ឋមន្ត្រីក្រសួង អប់រំ និងសិក្សាធិការរបស់ប្រទេសបារាំង បានថ្លែងថា “វាជារឿងដែលមិនអាចចៀសវាងបានឡើយ ដែលមានហេតុការណ៍បែបនេះកើតឡើង តែវាកើតក្នុងចំណែកតូចមួយ ហើយអ្នកឆ្លងមេរោគភាគច្រើន ឆ្លងមកពីខាងក្រៅសាលារៀន” តែយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ថា អ្នកឆ្លងមេរោគនោះជាកូនសិស្ស ឬគ្រូនោះទេ។
លោកប្លង់ បានបញ្ជាក់ថា ការដែលកុមារមិនបានទៅសាលារៀន គឺជារឿងដែលគួរឱ្យកង្វល់ ខ្លាំងជាងមេរោគវីរុសកូវីដ-19ទៅទៀត ព្រោះទោះជាកូនសិស្សប្រមាណជា 70% នៅរៀនពីចម្ងាយនៅតាមផ្ទះក៏ដោយ តែមានកុមារប្រមាណជា 500,000នាក់កំពុងប្រថុយប្រថានក្នុងការបោះបង់ចោលការរៀនសូត្រ ជាពិសេសក្រុមកុមារដែលខ្វះឱកាស៕
ប្រភព៖ សារព័ត៌មានបរទេស