តំណាងរាស្ត្រជាច្រើនរូបរបស់សហព័ន្ធរុស្ស៊ី ត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកមេរោគCOVID-19 នៅពេលប្រទេសនេះបានក្លាយជាសម្បុកមេរោគធំជាងគេលំដាប់ទី2ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។
ជំនួយការផ្ទាល់របស់ប្រធានសភាជាន់ទាប(State Duma) របស់រុស្ស៊ី កាលពីថ្ងៃទី18ឧសភាបានបញ្ជាក់ថា ក្នុងចំណោមតំណាងរាស្ត្រទាំង450រូបរបស់សភាជាន់ទាប មាន6រូបត្រូវបានរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា។
Anastasia Kashevarova ដែលជាជំនួយការរបស់ប្រធានសភាជាន់ទាបរុស្ស៊ី ថ្លែងថា “គិតមកដល់បច្ចុប្បន្ន តំណាងរាស្ត្រ6រូបរបស់សភាជាន់ទាប ទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងវីរុសCOVID-19។ តំណាង2រូបត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ចំណែក2រូបកំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យ និង2រូបផ្សេងទៀតកំពុងបង្ខាំងខ្លួននិងទទួលការព្យាបាលនៅឯផ្ទះរៀងៗខ្លួន”។
មន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់រដ្ឋាភិបាលរុស្ស៊ី ក៏បានឆ្លងវីរុសកូរ៉ូណាក្នុងអំឡុងពេលចុងក្រោយនេះ ក្នុងនោះក៏មាននាយករដ្ឋមន្ត្រី (Mikhail Mishustin) អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង (លោក Dmitry Peskov) រដ្ឋមន្ត្រីក្រសួងវប្បធម៌ (លោកស្រី Olga Lyubimova) រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងអប់រំជាន់ខ្ពស់ (លោក Valery Falkov) រដ្ឋមន្ត្រីក្រសួងសំណង់និងលំនៅដ្ឋាន (លោក Vladimir Yakushev) និងអនុរដ្ឋមន្ត្រីក្រសួងសំណង់និងលំនៅដ្ឋាន (លោក Dmitry Volkov)។
ក្នុងសប្ដាហ៍កន្លង រុស្ស៊ីបានលោតរំលងអេស្ប៉ាញ និងអ៊ីតាលី ក្លាយជាសម្បុកមេរោគធំជាងគេទី2នៅក្នុងពិភពលោក ដោយមានអ្នកជំងឺCOVID-19 សរុប 290,678នាក់ ក្នុងនោះមានអ្នកស្លាប់សរុប2,722នាក់។ កាលពីម្សិលមិញ ប្រទេសនេះក៏បានរកឃើញអ្នកជំងឺថ្មីចំនួន8,926នាក់ផងដែរ៕
ប្រភព៖សារព័ត៌មានបរទេស