អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama ថ្មីៗនេះ បានរិះគន់ជាបន្តបន្ទាប់ទៅលើការដឹកនាំរបស់រដ្ឋបាលលោក Donald Trump ទាក់ទងទៅនឹង COVID-19 ដែលនេះបានបណ្ដាលឱ្យប្រធានាធិបតីកំពុងកាន់អំណាច មានប្រតិកម្មតបយ៉ាងខ្លាំងក្លា។
ក្នុងអំឡុង24ម៉ោងចុងក្រោយនេះ សហរដ្ឋអាមេរិកបានរកឃើញអ្នកជំងឺកូរ៉ូណាថ្មីចំនួន19,053នាក់បន្ថែមទៀត ធ្វើឱ្យតួលេខអ្នកជំងឺCOVID-19 នៅប្រទេសនេះឡើងដល់ជាង1,526,800នាក់។ អ្នកស្លាប់ដោយសារវីរុសនេះ មានជាង90,970នាក់ ក្នុងនោះ អ្នកស្លាប់ថ្មីមានចំនួន860នាក់។ សហរដ្ឋអាមេរិកនៅតែជាសម្បុកមេរោគធំជាងគេបង្អស់ក្នុងពិភពលោក។
ទាក់ទងនឹងបញ្ហានៃវិធានការទប់ទល់នឹងវិបត្តិ COVID-19 នៅសហរដ្ឋអាមេរិក ថ្មីៗនេះ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama បានបញ្ចេញសំឡេងរិះគន់ទៅលើរដ្ឋបាលលោក Trump ជាបន្តបន្ទាប់ ធ្វើឱ្យលោក Trump ឆ្លើយតបប្រកបដោយភាពខ្លាំងក្លា។
លោក Barack Obama ធ្លាប់បានថ្លែងថា “មេរោគរាតត្បាតនេះ បានកាត់ផ្ដាច់យោបល់ដែលថា ថ្នាក់ដឹកនាំជាច្រើនបានដឹងថា ខ្លួនកំពុងធ្វើអ្វី។ ក្នុងចំណោមពួកគេ មានថ្នាក់ដឹកនាំមិនតិចនោះទេដែលមិនខ្ចីទាំងធ្វើពើថាខ្លួនកំពុងគ្រប់គ្រង (ការងារ)”។ លោកក៏បានសង្កត់ធ្ងន់ថា COVID-19 បានបង្ហាញអំពីភាពមិនស្មើភាពគ្នានៃពូជសាសន៍នៅហសរដ្ឋអាមេរិក។ អតីតប្រធានាធិបតីរូបនេះក៏បានបង្ហាញការខឹងសម្បាខ្លាំងចំពោះករណីបុរសស្បែកខ្មៅវ័យ25ឆ្នាំ ឈ្មោះ Ahmaud Armaud Arbery ត្រូវបានគេបាញ់សម្លាប់នៅពេលកំពុងដើរហាត់ប្រាណនៅឯរដ្ឋ Georgia កាលពីថ្ងៃទី23កុម្ភៈ2020 ដោយសារតែមិនបានឆ្លើយតបនឹងសំណួររបស់ក្រុមមនុស្សដែលចេញមករារាំងគាត់។ កាលពីដើមខែឧសភា លោក Obama បានហៅវិធានការទប់ទល់ COVID-19 របស់សេតវិមានថាជា “គ្រោះមហន្តរាយដ៏ច្របូកច្របល់”ផងដែរ។
ឆ្លើយតបនឹងការរិះគន់ខាងលើ លោក Trump ក៏បានចោទលោក Obama ថា “ពិតជាគ្មានសមត្ថភាព” ក្នុងអំឡុងកាន់អំណាច។ លោក Trump បន្តថា “ចូរគិតឡើងវិញ គាត់ធ្លាប់ជាប្រធានាធិបតីអសមត្ថភាព នោះគឺជាអ្វីដែលខ្ញុំអាចនិយាយបាន។ គាត់ជាមនុស្សអសមត្ថភាពពិតមែន”។
ថ្មីៗនេះ លោក Trump បានចាប់ផ្ដើមបង្ហោះសារជាបន្តបន្ទាប់ដើម្បីរិះគន់អតីតប្រធានាធិបតីអាមេរិកាំង។ លោក Trump បានប្រើប្រាស់ពាក្យ “Obamagate” ជាច្រើនលើក ដោយចោទលោក Obama ថា បានរារាំងលោកក្នុងដំណាក់កាលដំបូងនៃការឡើងកាន់អំណាចដោយការប្រើប្រាស់ FBI ដើម្បី “ដាក់អន្ទាក់” ចាប់ទីប្រឹក្សាផ្នែកនយោបាយមួយចំនួនរបស់លោក ដូចជាអតីតទីប្រឹក្សាសន្តិសុខជាតិ Michael Flynn ជាដើម។ លោក Trump យល់ថា លោក Obama នៅពីក្រោយការស៊ើបអង្កេតទៅលើករណីរុស្ស៊ីលូកដៃក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក បណ្ដាលឱ្យលោក Flynn ត្រូវជាប់ទោស។
នៅក្នុងប្រតិកម្មមួយកាលពីម្សិលមិញ (17ឧសភា) លោក Trump បានស្នើឱ្យកាត់ទោសលោក Obama និងលោក Joe Biden (បេក្ខភាពប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ នាបច្ចុប្បន្ន) ឱ្យជាប់ពន្ធនាគារ50ឆ្នាំ។ ម្ចាស់សេតវិមាន បានចោទលោក Obama និងលោក Biden ថា ជាប់ទាក់ទិននឹងការស៊ើបអង្កេតមួយដែលលោក Trump ហៅថាជា “អំពើអាបធ្មប់” របស់ FBI ប្រឆាំងនឹងលោក Flynn៕
ប្រភព៖ សារព័ត៌មានបរទេស